ទីផុត!  លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចាប់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត លើស្ត្រីម្នាក់ ជេរប្រមាថ និងហិង្សាដោយចេតនា តុលាការខេត្ត សម្រេចដោះលែង

ទីផុត!  លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចាប់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត លើស្ត្រីម្នាក់ ជេរប្រមាថ និងហិង្សាដោយចេតនា តុលាការខេត្ត សម្រេចដោះលែង

កំពង់ចាម ៖  លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្តសៀមរាប ដែលកម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចាប់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត លើស្ត្រីម្នាក់ ជេរប្រមាថ និងហិង្សាដោយចេតនា កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ត្រូវបានតុលាការ ខេត្តកំពង់ចាម សម្រេចដោះលែង កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះ។

លោក សោម សមស័ក្តិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួននៅផ្លូវ ១១៨ ភូមិទី៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ តុលាការខេត្តកំពង់ចាម។

 សំណុំរឿងប៉ុនប៉ងមនុស្សឃាតនេះ កើតឡើង នៅខេត្តសៀមរាប ប៉ុន្តែត្រូវបានផ្ទេរសមត្ថកិច្ច ទៅឲ្យតុលាការខេត្តកំពង់ចាម ក្នុងការអនុវត្តដីកាចាប់ខ្លួន លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្តសៀមរាប ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត។ ការផ្ទេរសមត្ថកិច្ចនេះ ដោយសារតែខ្លាចមានគំនាប ឬការអន្តរាគមន៍ណាមួយ ក្នុងរឿងនេះ។

លោក ធី បរិញ្ញា អ្នកនាំពាក្យសាលាដំបូង ខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ នៅល្ងាចថ្ងៃទី២៨ ខែតុលានេះថា  “ លោកសោម សមស័ក្តិ ត្រូវបានតុលាការដាក់ឲ្យ ស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ។ ការនាំខ្លួនមកសួរចម្លើយ មិនប្រាកដថា ត្រូវបានការឃុំខ្លួនទេ ដោយសារគាត់ អត់ចូលតាមដីកាកោះ អីចឹងបានចេញដីកាបង្គាប់ ឲ្យនាំខ្លួនគាត់ មកសាកសួរចម្លើយ។ ហើយនីតិវិធី នៅតុលាការ នៅតែបន្តនីតិវិធីទេ មិនទាន់បិទនីតិវិធីឯណា!”។

គួរបញ្ជាក់ថា តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់ លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្តសៀមរាប ចំនួន ៣ បទល្មើស ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត លើស្ត្រីម្នាក់ នឹងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ការសម្រេចចោទប្រកាន់ បានធ្វើឡើង បន្ទាប់ពីលោក សោម សមស័ក្តិ មិនបានចូលខ្លួន ឆ្លើយបំភ្លឺចំនួនពីរ ដោយបានពន្យារពេល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តុលាការនៅតែបន្តនីតិវិធីរបស់ខ្លួន។

ទាក់ទងករណីនេះ ស្ត្រីរងគ្រោះឈ្មោះ ផាត់ សុជឿន បានដាក់ពាក្យបណ្តឹង ប្តឹងលោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្តសៀមរាប ទៅសាលាដំបូង ខេត្តសៀមរាប ពីបទជេរប្រមាថ ជាសាធារណ: បទប្រើអំពើហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខ ភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងតំណាងអយ្យការ អមសាលាដំបូង ខេត្តសៀមរាប បានចេញដីកាកោះហៅលោក សោម សមសក្តិ ឲ្យចូលខ្លួនទៅបំភ្លឺ នៅតុលាការ ចំនួន ២ ដង រួចមកហើយ តែលោក សោម សមសក្តិ មិនបានចូលទៅតាមដីកាទេ ដោយដាក់ពាក្យសុំពន្យារ ។

ស្ត្រីរងគ្រោះ បានអះអាងថា  នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា ៨ ទៅ ៩ នាក់ ញាំអាហារនៅផ្សារទំនើបអាស៊ី ត្រង់ចំណុចក្រោយព្រះអង្គចេក ព្រះអង្គចម ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។ លុះពេលចេញមក ដល់ខាងមុខ វេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ ឈ្មោះ ស័ក្ត ដែលជាជនដៃដល់ បានវាយសង្កត់ក្បាលលោក ម៉ក់ ប្រុស អភិបាលស្រុក សូទ្រនិគម ដែលរួមដំណើរជាមួយគាត់ (ស្ត្រីរងគ្រោះ) ជាច្រើនដង។

ខណ:នោះ រូបគាត់ (ជនរងគ្រោះ) បាននិយាយថាៈ មេចក៏វាយក្បាលគាត់ចឹង គាត់ចាស់ជាង វាយរបៀបហ្នឹង មិនសមទេ។ ភ្លាមនោះ ជនដៃដល់ បានជេរប្រមាថ ទៅលើរូបគាត់ ហើយវាយមកលើផ្ទៃមុខ ផ្នែកក្បាលរបស់គាត់ ១ដៃ និងបន្តជេរប្រមាថ រហូតផ្អើលដល់សមត្ថកិច្ច មកជួយអន្តរាគមន៍។

ស្ត្រីរងគ្រោះ បានបន្តថា  ពេលក្រុមសមត្ថកិច្ច មកដល់កន្លែងកើតហេតុ ជនដៃដល់ បានបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ចេញមួយសន្ទុះ ហើយបើកត្រឡប់មកបំបុករូបគាត់ បំណងសម្លាប់។ ប៉ុន្តែសំណាង ដោយសាម៉ូតូរបស់ប៉ូលិស នៅបាំងពីមុខ ទើបបុកត្រូវម៉ូតូរបស់ប៉ូលិស បណ្តាលឱ្យដួលខ្ទេច ហើយដួលសង្កត់ជើងរបស់គាត់ បណ្តាលឱ្យរងរបួសស្រាល ទើបជនបង្កបើករថយន្តគេចខ្លួនតែម្តង។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា  រវាងរូបគាត់ និងជនបង្ក ពុំដែលស្គាល់គ្នាសោះឡើយ ប៉ុន្តែជនរូបនេះ បែរជាមកប៉ុនប៉ងធ្វើឃាត លើរូបគាត់ទៅវិញ អីចឹងហើយ ទើបសម្រេច ដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកយុត្តិធម៌។ ចំណែកពាក្យបណ្តឹង ដែលប្តឹងនៅដំណាក់ កាលប៉ូលិស រូបគាត់មិនទាន់ទាមទារសំណងទេ គឺសុំអោយតែអនុវត្តទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង