សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់របបរាជានិយម មិនត្រូវឱ្យមានការប្រមាថ ព្រះមហាក្សត្រឡើយ
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់របបរាជានិយម មិនត្រូវឱ្យមានការប្រមាថ ព្រះមហាក្សត្រឡើយ
(កំពង់ធំ)៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសច្បាស់ៗថា ប្រទេសកម្ពុជា ប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មិនត្រូវបណ្ដែតបណ្ដោយឲ្យមានប្រមាថ ចំពោះព្រះចេស្ដាព្រះមហាក្សត្រជាដាច់ខាត។
ក្នុងឱកាសបន្ដអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំ ជិត៧ពាន់គ្រួសារ សម្ដេចតេជោ ហ៊ុន សែន ក៏នៅតែបញ្ជាក់ជាថ្មីថា មិនឲ្យមានជនទាំងឡាយណាភ្ជាប់ខ្លួនជាមួយក្រុមជនក្បត់ជាតិតជំនាន់នោះឡើយ បូករួមទាំងគណបក្សនយោបាយផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដូច្នេះនៅក្នុងប្រទេសយើង ត្រូវតែមានរបៀបរបបមួយឲ្យបានច្បាស់ នៅក្នុងប្រទេសមួយដែលមានរបបរដ្ឋធម្មនុញ្ញកំណត់ថាជារបប រាជានិយមអាស្រ័យធម្មនុញ្ញ ហើយបែរជាប្រមាថព្រះមហាក្សត្រនោះទេ […] ខ្ញុំសូមបញ្ជាក់ អ្នកណាក៏ដោយគឺមិនអាចផ្សាភ្ជាប់ជាមួយអាចោរក្បត់ជាតិនេះបានទេ ហើយនេះសម្រាប់ការត្រេះរិះពិចារណាសម្រាប់អ្នកនយោបាយដទៃ ក្នុងការធ្វើសកម្មភាព»។
បើទោះបីមានប្រសាសន៍មិនចំឈ្មោះជនក្បត់ជាតិថាជានរណា ប៉ុន្ដែយើងអាចស្គាល់បានថា ជនក្បត់ជាតិដែលសម្ដេចចង់សំដៅលើនោះ គឺទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
នៅក្នុងពិធីចែកពូជស្រូវជនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំ/សង្កាត់បក្សភ្លើងទៀន ចេញមកថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី ដោយកុំខ្លាចរអារឿងបក្សដកតំណែងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បក្សភ្លើងទៀន មិនអាចដកតំណែងក្រុមប្រឹក្សាឃុំ/សង្កាត់មកពីបក្សភ្លើងទៀន បាននោះឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេនោះ។
ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ស្រាប់តែសារថ្កោលទោសទៅកាន់ទណ្ឌិត សម រង្ស៉ី ពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សភ្លើងទៀន បានធ្លាក់មកជាបន្ដបន្ទាប់។ ពួកគាត់សុទ្ធតែបានបញ្ជាក់ដូចៗគ្នា អំពីការថ្កោលយ៉ាងដាច់អហង្ការចំពោះការប្រមាថ និងការចោទប្រកាន់ ឥតព្រំដែនម្តងហើយម្តងទៀតរបស់ សម រង្ស៉ី និងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សភ្លើងទៀន ដែលបានបញ្ជាក់ជំហរយ៉ាងច្បាស់ក្នុងការថ្កោលទោសទៅលើទង្វើក្បត់ជាតិ ហើយសម្ដេចបានអះអាងថា ជំហររបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សភ្លើងទៀនបែបនេះ ទើបអាចរួមរស់ និងធ្វើការជាមួយរាជរដ្ឋាភិបាលបាន ព្រោះបើមិនដូច្នេះទេនឹងប្រឈមជាមួយបញ្ហា៕