មានជនបរទេស១៩នាក់ ក្នុងចំណោមអ្នកស្លាប់យ៉ាងតិច ១៥១នាក់ ក្រោយករណីជាន់គ្នា កំលុងបុណ្យ Halloween នៅទីក្រុងសេអ៊ូល
មានជនបរទេស១៩នាក់ ក្នុងចំណោមអ្នកស្លាប់យ៉ាងតិច ១៥១នាក់ ក្រោយករណីជាន់គ្នា កំលុងបុណ្យ Halloween នៅទីក្រុងសេអ៊ូល
(សេអ៊ូល)៖ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។
អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា ក្នុងចំណោមអ្នកបាត់បង់ជីវិត ក្រោយហេតុការណ៍ជាន់គ្នាយ៉ាងតក់ស្លុតមួយ កំលុងការប្រមូលផ្តុំនៃហ្វូងមនុស្សដ៏ច្រើនសន្ធឹក នៅទីក្រុងសេអ៊ូល ដើម្បីអបអរពិធីបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ គឺមានជនបរទេសចំនួន១៩នាក់ផងដែរ។
គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃអាទិត្យនេះ (ពេលវេលានៅទីក្រុងសេអ៊ូល) មនុស្សសរុបកើនដល់១៥១នាក់ ក្នុងនោះមានជនបរទេស១៩នាក់ បានស្លាប់ ខណៈតួលេខអ្នករងរបួស ត្រូវបានបន្ថយមកត្រឹម ៨៩នាក់ ដោយ១៩នាក់របួសធ្ងន់។ ក្នុងចំណោមអ្នកបាត់បង់ជីវិត មាននារី៩៧នាក់ និងបុរស៥៤នាក់ ភាគច្រើនជាយុវវ័យ ឬអ្នកដែលមានអាយុត្រឹម ២០ប្លាយប៉ុណ្ណោះ។ ចំណែកជនបរទេសដែលបានស្លាប់វិញ រួមមានជនជាតិអ៉ីរ៉ង់ អ៊ូសបេគីស្ថាន ចិន និងន័រវែស។
គួរបញ្ជាក់ថា ហេតុការណ៍ជាន់គ្នាស្លាប់ដ៏អាក្រក់បំផុតខាងលើ ក្នុងប្រវត្តិសាស្រ្តប្រទេសកូរ៉េខាងត្បូង បានកើតឡើងនៅច្រកផ្លូវចំណោតតូចចង្អៀតមួយ ជាប់សណ្ឋាគារឈ្មោះថា ហាមីលតុន (Hamilton Hotel) ដែលស្ថិតក្នុងសង្កាត់អ៉ីតែវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល ដែលជាសង្កាត់ពេញនិយមសម្រាប់ការដើរកម្សាន្តពេលរាត្រី បន្ទាប់ពីមនុស្សរហូតដល់ខ្ទង់ ១០០,០០០នាក់ បាននាំគ្នាប្រមូលផ្តុំនៅតំបន់នោះ ដើម្បីអបអរពិធីបុណ្យ Halloween។
វាគឺជាបុណ្យ Halloween ដំបូងបំផុតនៅទីក្រុងសេអ៊ូល ក្នុងរយៈពេល៣ឆ្នាំមកនេះ បន្ទាប់ពីកូរ៉េខាងត្បូងបានដក វិធានការរឹតត្បិតកូវីដ១៩ ជាច្រើនចេញវិញ។ មកទល់ពេលនេះ អាជ្ញាធរកំពុងបន្តស៉ើបអង្កេតដើម្បីកំណត់ពីដើមហេតុ ដែលបង្កឱ្យមានការជាន់គ្នា ខណៈកំលុងពេលកើតហេតុ គឺមិនមានការលេចធ្លាយឧស្ម័ន ឬក៏អគ្គិភ័យអ្វីនោះឡើយ៕