មនុស្សយ៉ាងហោចណាស់១២០នាក់ បានស្លាប់គិតត្រឹមព្រឹកថ្ងៃចន្ទទី៣១តុលា បន្ទាប់ពីស្ពានសម័យអាណានិគមចំណាស់ជិត១៥០ឆ្នាំ មួយបានបាក់បញ្ជូនមនុស្សរាប់សិបនាក់ចូលក្នុងទន្លេ
មនុស្សយ៉ាងហោចណាស់១២០នាក់ បានស្លាប់គិតត្រឹមព្រឹកថ្ងៃចន្ទទី៣១តុលា បន្ទាប់ពីស្ពានសម័យអាណានិគមចំណាស់ជិត១៥០ឆ្នាំ មួយបានបាក់បញ្ជូនមនុស្សរាប់សិបនាក់ចូលក្នុងទន្លេ
(អន្តរជាតិ)៖ សារព័ត៌មានឥណ្ឌាបាននិយាយថា កុមារស្ថិតចំណោមអ្នកស្លាប់និងរបួសក្នុងឧបទ្ទវហេតុបាក់ស្ពានកាលពីយប់ថ្ងៃអាទិត្យនៅរដ្ឋហ្គូចារ៉ាត( Gujarat)ភាគខាងលិចប្រទេសនេះ។
មនុស្សយ៉ាងហោចណាស់១២០នាក់បានស្លាប់គិតត្រឹមព្រឹកថ្ងៃចន្ទទី៣១តុលា បន្ទាប់ពីស្ពានសម័យអាណានិគមចំណាស់ជិត១៥០ឆ្នាំមួយបានបាក់បញ្ជូនមនុស្សរាប់សិបនាក់ចូលក្នុងទន្លេ។វាជាការបង្កើនចំនួនជនរងគ្រោះដល់ជីវិតពី៨០នាក់ដែលត្រូវបានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យ។
វេជ្ជបណ្ឌិត អាទុល ប្រាចាប៉ាទី( Atul Prajapati) មន្ត្រីនៅមន្ទីរពេទ្យមួយក្បែរកន្លែងកើតហេតុបាននិយាយកាលពីពេលកើតហេតុការណ៍ភ្លាមថា«យើងបានរាប់ឃើញសាកសព៨១និងដំណើរការធ្វើបុណ្យសពបានចាប់ផ្តើម។មនុស្សរាប់សិបនាក់ទៀតក៏រងរបួសផងដែរ»។
គេថា មនុស្សប្រមាណ៤០០នាក់បានស្ថិតនៅលើនិងជុំវិញស្ពានចាស់នេះពេលវាបាក់។រដ្ឋមន្ត្រីមហាផ្ទៃប្រចាំរដ្ឋលោក ហាស សាងហាវី(Harsh Sanghavi)បាននិយាយថា មនុស្សជាង១៥០នាក់បានស្ថិតនៅលើស្ពានលើទន្លេម៉ាឈូ(Machhu)ក្នុងទីប្រជុំជនម័រប៊ី(Morbi)ពេលវាបាក់។
ទីភ្នាក់ងារសារព័ត៌មានPTIរបស់ឥណ្ឌាបានស្រង់សម្តីមន្ត្រីដែលបាននិយាយថាស្ពាននេះបានបាក់ដោយសារវាមិនអាចទ្រទម្ងន់មនុស្សនៅលើវា។
រូបភាពទូរទស្សន៍បានបង្ហាញមនុស្សរាប់សិបនាក់តោងខ្សែយោងរបស់ស្ពានដែលបាក់នៅពេលក្រុមជួយសង្គ្រោះខិតខំជួយពួកគេឡើងគោក។ជនរងគ្រោះខ្លះទៀតខំតោងឡើងសំណង់ស្ពានដែលបាក់និងខ្លះទៀតហែលឡើងមកកាន់ច្រាំង។
លោកប្រាទីក វ៉ាសាវ៉ា(Prateek Vasava)ដែលបានហែលមកកាន់ច្រាំងក្រោយធ្លាក់ចូលក្នុងទឹកទន្លេ បានប្រាប់ទូរទស្សន៍ថា លោកបានឃើញកូនក្មេងជាច្រើនធ្លាក់ចូលក្នុងទន្លេ។«ខ្ញុំចង់ទាញនាំពួកគេមកជាមួយដែរ តែពួកគេបានលិចក្នុងទឹកឬត្រូវទឹកហូរនាំយកទៅ»។
លោកថា ការបាក់ស្ពាន់នេះកើតឡើងតែប៉ុន្មានវិនាទី។
សាក្សីបានប្រាប់អ្នកយកព័ត៌មានថា «មនុស្សជាច្រើនមកទីនេះដើម្បីមើលនិងចូលរួមបុណ្យឌីវ៉ាលី(Diwali)នៅចុងសប្តាហ៍ និងវាក៏ជាកន្លែងទេសចរណ៍ពេញនិយមមួយដែរ។ពេលវាបាក់ មនុស្សបានធ្លាក់លើគ្នា»។
ស្ពានប្រវែង២៣០ម៉ែត្រនេះត្រូវបានសាងសង់ឡើងក្នុងសម័យអាណានិគមអង់គ្លេសក្នុងសតវត្សរ៍១៩។វាត្រូវបានបិទការធ្វើចរាចរណ៍ដើម្បីជួសជុលអស់៦ខែនិងទើបបើកអោយធ្វើចរាចរណ៍វិញកាលពីសប្តាហ៍មុន។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី ដែលស្រុកកំណើតរបស់លោកក៏នៅរដ្ឋហ្គូចារ៉ាត បាននិយាយថាលោកបានបញ្ជាអោយអភិបាលរដ្ឋកេណ្ឌប្រមូលក្រុមជួយសង្គ្រោះជាបន្ទាប់សំរាប់ប្រតិបត្តិការជួយសង្គ្រោះ ហើយគ្រួសារដែលបាត់បង់សមាជិកពីការបាក់ស្ពាននេះនឹងទទួលបានប្រាក់ឧបត្ថម្ភ៦០០.០០០រូពី(៧.២៧៦ដុល្លារ)ពីរដ្ឋាភិបាលរដ្ឋនិងសហព័ន្ធ៕