នៅប្រទេសឥណ្ឌា មនុស្សស្លាប់ ហេតុការណ៍បាក់ស្ពាន កើនដល់ ១៣២នាក់
នៅប្រទេសឥណ្ឌា មនុស្សស្លាប់ ហេតុការណ៍បាក់ស្ពាន កើនដល់ ១៣២នាក់
(ញូដេលី)៖ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារការបាក់ស្ពាននៅរដ្ឋ ហ្គូចារ៉ាត់ (Gujarat) ក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៣២នាក់ហើយ។
ស្ពានថ្មើរជើងឆ្លងកាត់ពីលើទន្លេ ម៉ាឈូ (Machhu) ក្នុងទីក្រុងម័រប៊ី (Morbi) ពោរពេញទៅដោយអ្នកទស្សនាដែលកំពុងរីករាយនឹងពិធីបុណ្យវិស្សមកាល នៅពេលដែលស្ពាននេះបានបាក់ធ្វើឲ្យធ្លាក់មនុស្សចូលទៅក្នុងទន្លេ កាលពីថ្ងៃអាទិត្យ។ មន្ត្រីជាន់ខ្ពស់នៃស្រុកមូចា (Muchhar) បានគូសបញ្ជាក់ថា «ចំនួនមនុស្សស្លាប់នៅក្នុងឧបទ្ទវហេតុបាក់ស្ពានបានកើនឡើងដល់ ១៣២នាក់ហើយ ខណៈប្រតិបត្តិការស្វែង និងជួយសង្គ្រោះកំពុងបន្ត។ ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត»។
បច្ចុប្បន្នកងកម្លាំងប្រដាប់អាវុធ រួមជាមួយនឹងក្រុមគ្រប់គ្រងគ្រោះមហន្តរាយជាតិ និងក្រុមសង្គ្រោះបន្ទាន់មកពីស្រុកក្បែរៗនោះ ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអ្នកបាត់ខ្លួន និងជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ។
គួរបញ្ជាក់ថា មនុស្សជាង ៤០០នាក់ ត្រូវបានគេរាយការណ៍ថាបានស្ថិតនៅលើស្ពានឆ្លងទន្លេ ម៉ាឈូ (Machhu) ស្ថិតនៅក្នុងទីក្រុង ម័រប៊ី (Morbi) កាលពីថ្ងៃអាទិត្យ នៅពេល ដែលស្ពាននេះបានបាក់រលំ។ ស្ពានខាងលើមានទីតាំងស្ថិតនៅក្នុងទីក្រុង Morbi ស្ថិតនៅចម្ងាយប្រហែលជា ២០០គីឡូម៉ែត្រពីទីក្រុង អះម៉េដាបាដ (Ahmedabad) នៃរដ្ឋ ហ្គូចារ៉ាត់ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យស្ពានប្រវែង ២៣០ម៉ែត្រនេះដែលសាងសង់ក្នុងស.វទី១៩ បាក់រលំនៅឡើយទេ៕