ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ នៅខេត្តកណ្តាល

ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ នៅខេត្តកណ្តាល

ខេត្តកណ្ដាល ៖ នៅ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២  ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីអំពើលួចម៉ូតូ ០១គ្រឿង នៅស្រុកស្អាង ។

ករណីចោរកម្មខាងលើបានកើតឡើងកាលពីវេលាម៉ោង២០និង១៥នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅភូមិអន្លង់តាសេកលើឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ រិទ្ធ អូនទូច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្កកណ្ដាល ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ ខុម ចន្ថា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាគ្រូបង្រៀន មានទីលំនៅភូមិ អន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

មុនកើតហេតុ វេលាដូចខាងលើ ជនរងគ្រោះបានជិះម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីមសង់ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1U-1255 ត្រឡប់មកពីផ្ទះម្តាយវិញ ដោយបានទុកម៉ូតូ នៅក្រោមផ្ទះ ប៉ុន្តែមិនបានដកកូនសោរចេញពីម៉ូតូទេ បន្ទាប់មកជនរងគ្រោះ បានចូលទៅងូតទឹក នៅក្នុងបន្ទប់ រួចហើយបានចេញពីបន្ទប់ទឹកវិញ ក៏បានឃើញជនសង្ស័យ បណ្ដើរម៉ូតូចេញទៅក្រៅផ្ទះ រួចហើយកាច់សោរម៉ូតូ បញ្ឆះជិះចេញទៅបាត់ទៅ ។

ក្រោយពីជនសង្ស័យលួចម៉ូតូយកទៅបាត់ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដើម្បីអោយជួយអន្តរាគមន៍ ។ លុះវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិព្រែកគ្រួស ឃុំព្រែកអំបិល រួមទាំងវត្ថុតាងម៉ូតូ នាំយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។

ចំណែកឯវត្ថុតាង ចាប់យកបាន រួមមាន ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីមសង់ (ជារបស់ជនរងគ្រោះ) ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។  ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង