ជនសង្ស័យ១ក្រុម បានរៀបគម្រោងដើម្បីលួចក្របីពលរដ្ឋ តែសំណាងអាក្រក់រថយន្ដជាប់ផុង ដោយភ័យពេក ពួកគេនាំគ្នាដុតរថយន្ដចោល រួចគេចខ្លួនបាត់

ជនសង្ស័យ១ក្រុម បានរៀបគម្រោងដើម្បីលួចក្របីពលរដ្ឋ តែសំណាងអាក្រក់រថយន្ដជាប់ផុង ដោយភ័យពេក ពួកគេនាំគ្នាដុតរថយន្ដចោល រួចគេចខ្លួនបាត់

សៀមរាប ៖ ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅចំណុចដីវាលស្រែមានរបងហ៊ុព័ទ្ធនៅក្នុងភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឈ្មោះ ចែត ជុន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានក្រោកពីដេកដើរចេញពីផ្ទះទៅបញ្ចេញក្របីលែងឲ្យស៊ីស្មៅដែលនៅចម្ងាយពីផ្ទះរបស់គាត់ប្រហែល២០០ម៉ែត្រ ពេលដល់ចំណុចក្រោលក្របីរបស់ឈ្មោះ គឹម ឡុក ភេទប្រុស និងឈ្មោះមឿយ ចាន់ ក៏ស្រាប់តែឃើញរថយន្ដ១គ្រឿងម៉ាក់កូរ៉េទម្ងន់២តោនកន្លះ ជាប្រភេទឡានសម្រាប់ដឹកគោក្របី ត្រូវបានដុតចោល បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង នៅក្បែរទួលមួយកន្លែងចម្ងាយពីក្រោលក្របីប្រហែល២០០ម៉ែត្រ និងមានស្នាមគន្លងជើងក្របី និងមានក្របីរបូតចំណងក្នុងក្រោលចំនួន៨ក្បាល ជាក្របីរបស់ឈ្មោះ គឹម ឡុក ភេទប្រុស ដែលគាត់ចងទុកឲ្យដេកនៅកន្លែងកើតហេតុខាងលើ។


តាមការស្រាវជ្រាវរបស់សមត្ថកិច្ច នៅជុំវិញកន្លែងកើតហេតុ គឺពុំមានប្រជាពលរដ្ឋណាបានឃើញ និងដឹងហេតុការណ៍ទេ។ តាមការសន្និដ្ឋានរថយន្ដនេះ ជារថយន្ថក្រុមចោរលួចក្របីតែដោយសារជាប់ផុងទៅមិនរួចក៏ដុតចោល នៅអំឡុងប្រហែលជាម៉ោង២:០០យប់ ដោយពុំមានប្រជាពលរដ្ឋណាបានឃើញហេតុការណ៍ឡើយ។


ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា សមត្ថកិច្ចស្នើឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីចូលរួមសហការ និងទប់ស្កាត់ក្រុមចោរលួចគោក្របីរបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង