មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-សិង្ហបុរី បានពិភាក្សាអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-សិង្ហបុរី បានពិភាក្សាអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត

នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដេវីដ ណេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះដែរ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។

ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ ដេវីដ ណេអូ បានគាំទ្រចំពោះការវាយតម្លៃរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់នូវជំហរវិជ្ជមានចំពោះគោលគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពទាំងពីរបន្ថែមទៀតនាពេលអនាគត។

អត្ថបទដែលជាប់ទាក់ទង