ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សា យកដងពូថៅវាយជនរងគ្រោះ យកម៉ូតូ នៅសៀមរាប
ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សា យកដងពូថៅវាយជនរងគ្រោះ យកម៉ូតូ នៅសៀមរាប
សៀមរាប: នៅ ថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយ:ការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ តេង ចន័្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងក្រោមកិច្ចសហការល្អ ជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលក្រុងសៀមរាប ព្រមទាំងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម មាស ចន័្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ក្រុមការងារអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ដូចខាងក្រោម៖
១.ឈ្មោះ រ ម រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ ២.ឈ្មោះ ង ស ហ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ន នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ ៣.ឈ្មោះ ធ ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
ជនសង្ស័យទាំង០៣នាក់ខាងលើ ពាក់ព័ន្ធករណី “អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សាយកដងពូថៅវាយជនរងគ្រោះយកម៉ូតូ “។ កើតហេតុកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង១០នាទី នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ ឌ ដ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ដកហូតវត្ថុតាង៖ ម៉ូតូ ០១ គ្រឿង ដែលជារបស់ជនរងគ្រោះ ។ ក្រុមការងារក៏បានធ្វើកំណត់ហេតុ ប្រគល់ម៉ូតូជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញរួចហើយ ។
ករណីនេះ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ៕