មេបញ្ជាការកងទ័ពជើងគោក នៃកងយោពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៣ (ACAMM 23)
មេបញ្ជាការកងទ័ពជើងគោក នៃកងយោពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៣ (ACAMM 23)
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការជើងគោកអាស៊ានលើកទី២៣ (the 23rd ASEAN Chiefs of Army Multilateral Meeting) ក្រោមប្រធានបទ “កិច្ចសហការជិតស្និទ្ធរវាងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីសន្តិភាព” ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន បានកោតសរសើរប្រទេសវៀតណាមចំពោះជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្កលទ្ធភាពដល់ការរៀបចំកិច្ចប្រជុំពហុភាគីដ៏មានសារៈសំខាន់នេះ រួមទាំងកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានាដោយរលូន។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមក ព្រមទាំងឯកភាពលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងបរិបទនៃស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ដែលបាន និងកំពុងប្រែប្រួលខ្លាំង ស្មុគ្រស្មាញ និងពិបាកព្យាករណ៍ ហើយដែលទាមទារឱ្យកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ានបន្តចូលរួមចំណែកពង្រឹងកិច្ចសហការជិតស្និទ្ធបន្ថែមទៀត ដើម្បីធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរួមនៅក្នុងតំបន់។ ក្នុងនេះ ទន្ទឹមនឹងបរិការណ៍ជារួមនៃជំងឺកូវីដ-១៩ ហាក់បានធូរស្រាល និងស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្នុងពេលចំពោះមុខនេះ កងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន គួរជំរុញឱ្យមានដំណើរការពេលលេញទ្បើងវិញនូវសកម្មភាពសហប្រតិបត្តិការកម្រិតទ្វេភាគី ពហុភាគី និងយន្តការអាស៊ាននានា រួមមានជាអាទិ៍៖ ការជួបប្រជុំផ្ទាល់, ការផ្លាស់ប្តូរទស្សនកិច្ច, ការហ្វឹកហ្វឺន, ការធ្វើលំហាត់រួម ។ល។ ដើម្បីថែរក្សាបាននូវចំណងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្ត សហការស្អិតរមួត និងការពង្រឹងសមត្ថភាពឆ្លើយតបចំពោះបញ្ហាអសន្តិសុខនានា ដែលអាចកើតមានឡើងនៅក្នុងតំបន់។
គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំរវាងមេបញ្ជាការកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ានមួយនេះ ត្រូវបានខកខាករៀបចំតាមរយៈការជួបប្រជុំផ្ទាល់អស់រយៈពេល ០២ ឆ្នាំជាប់គ្នាមកហើយ ដោយក្នុងឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ត្រូវបានរៀបចំឡើយតាមប្រព័ន្ធវីដេអូពីចម្ងាយ។ សម្រាប់ឆ្នាំ២០២៣ ខាងមុខ កងទ័ពជើងគោក នៃកងភូមិន្ទថៃ នឹងទទួលបន្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់ រួមទាំងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងអាស៊ាន (ASMAM) និងព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោក អាស៊ាន (AARM) ផងដែរ។