ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសន្ទនាជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសន្ទនាជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម
នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសន្ទនាជាមួយ ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី៤៣ នៅរាជធានីភ្នំពេញ ។
កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុកចិត្តគ្នា បន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស ប្រជាជន និងជាពិសេសយុវជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើន ឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យនាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងបញ្ហាព្រំដែន។ល។ ដែលមានការរីកចម្រើនកើនឡើងគួរឱ្យកត់សំគាល់ ហើយប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ លើលពីនេះ ភាគីទំាងពីរក៏បានអះអាងផងដែរថា ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ជាពិសេសក្នុងស្រទាប់យុវ័យ ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ឯកឧត្តម ប្រធានរដ្ឋសភា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក បានឯកភាពគ្នាក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ ដើម្បីបន្តថែរក្សាទំនាក់ទំនងជិតស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ បង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក។