ប្រជាពលរដ្ឋ ២ភូមិ ផ្ទុះកំហឹងយ៉ាងខ្លាំង ដោយនាំគ្នា ដកបង្គោលបេតុង ដែលក្រុមហ៊ុនរ៉ូយ៉ាលរេលវេ បោះបិទផ្លូវចេញចូលភូមិ
ប្រជាពលរដ្ឋ ២ភូមិ ផ្ទុះកំហឹងយ៉ាងខ្លាំង ដោយនាំគ្នា ដកបង្គោលបេតុង ដែលក្រុមហ៊ុនរ៉ូយ៉ាលរេលវេ បោះបិទផ្លូវចេញចូលភូមិ
ភ្នំពេញ៖ ការតវ៉ានេះ បានផ្ទុះឡើង កាលពី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចរថភ្លើង ដែលស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ ២ភូមិ គឺភូមិព្រៃសាលា និងភូមិចំការឪឡឹក សង្កាត់កាកាបទី២ បានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយនាំគ្នា ដកបង្គោលបេតុង ដែលក្រុមហ៊ុនរ៉ូយ៉ាលរេលវេ បោះបិទផ្លូវចេញចូលភូមិរបស់ពួកគាត់ ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ជាយូរមកហើយ។ កំណាត់ផ្លូវលំឆ្លងកាត់ផ្លូវរថភ្លើងនេះ ត្រូវបានប្រជាពលរដ្ឋ ប្រមាណជាង ២០០គ្រួសារ រស់នៅភូមិចំការឪឡឹក (ខាងក្រោយវត្តតាំងក្រសាំងខាងជើង) និងភូមិព្រៃសាលា បានធ្វើដំណើរឆ្លងកាត់ចេញចូល ។
ព័ត៌មានអោយដឹងទៀត មិនដឹងមូលហេតុអ្វីនោះទេ ស្រាប់តែខាងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បានយកកំណាត់សសរថ្ម ចំនួន ៦ដើម ទៅជីកដាំ បិទផ្លូវ មិនអោយរថយន្តចេញចូលឆ្លងកាត់ផ្លូវរថភ្លើងទៅវិញ។ ចំណុចឆ្លងកាត់ផ្លូវដែកនោះ ជាគម្រោងផ្លូវចូលរួមជាកម្មសិទ្ធិសាធារណៈ ហេតុអ្វី បានសុខៗ នាំគ្នាទៅវិញ? តើអោយពួកគាត់ចេញចូលរថយន្តតាមផ្លូវណា? ទន្ទឹមនោះ ប្រជាពលរដ្ឋទាំង ២ភូមិ ក៏ផ្ទុះប្រតិកម្ម និងមានកំហឹងយ៉ាងខ្លាំង ហើយក៏បាននាំគ្នាជួបប្រមូលផ្តុំ នៅវេលារសៀល ហើយដកបង្គោលនោះចេញវិញតែម្តង។
ប្រជាពលរដ្ឋ ក៏បានសំណូមពរ ដល់រដ្ឋបាលរាជធានីភ្នំពេញ មេត្តាជួយត្រួតពិនិត្យក្រុមហ៊ុន ផ្លូវដែកផង កុំចេះតែដើរបិទផ្លូវបែបនេះ។ បើសិនចំណុចឆ្លងកាត់ផ្លូវដែកនោះ វាអាចបង្កគ្រោះថ្នាក់ ក៏ក្រុមហ៊ុន គួររៀបចំដាក់ប៉ារ៉ាស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ប្រសើរជាងបិទផ្លូវ មិនអោយប្រជាពលរដ្ឋ ដែលធ្លាប់ធ្វើដំណើរតាមផ្លូវនោះ មិនអាចចេញចូលរថយន្តបានដូច្នេះ៕