លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើក ឡើងថាជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុត សម្រាប់ដំណើរការកសាង អភិវឌ្ឍប្រទេស
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើក ឡើងថាជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុត សម្រាប់ដំណើរការកសាង អភិវឌ្ឍប្រទេស
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខា ខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ងាកមកទិដ្ឋភាពប្រជា ពលរដ្ឋ ជាបុគ្គលម្នាក់ៗវិញ ការអប់រំបានផ្តល់ឱ្យយើងនូវ លទ្ធភាព ក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើន ដល់ ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់កាលៈទេសៈដោយមិនមានការភ័យព្រួយបារម្ភ។
ចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ មក, រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាអាទិភាព ចម្បង ក្នុងចំណោមអាទិភាពចម្បងទាំង៤ «មនុស្ស, ផ្លូវ, ទឹក និងភ្លើង» ដើម្បីដើរឱ្យទាន់គេ និងចូលរួមប្រកួតប្រជែងជា មួយ គេបាន។ ការកំណត់អាទិភាពចម្បងនេះ មិនមែនជាការចៃដន្យ នោះទេ ពីព្រោះស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា បានវិវដ្តដល់ ចំណុចរបត់មួយដែលខុសប្លែកពីស្ថានភាពដៃទទេ កាលពី កម្ពុជា ទើបបញ្ចប់សង្រ្គាមស៊ីវិល។ បន្តទៅមុខទៀត កត្តា “មនុស្ស” ក៏នៅតែជាអាទិភាពចម្បងបំផុត ហើយទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ ក៏នៅបន្តកសាងស្តារ ដើម្បីបូក រួមផ្សំបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។លោកបណ្ឌិតបញ្ជាក់បន្ថែម។
ក្នុងឱកាសនេះដែរលោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំផ្ញើ ដល់និស្សិតជ័យលាភីទាំងអស់ នូវអនុសាសន៍មួយចំនួន។ក្នុងនោះ៖ ១. បន្តរៀនសូត្រដោយរៀនហើយរៀនទៀតរៀន ឥតឈប់ឈរ,២.បន្តទម្លាប់ជោគជ័យតាមរយៈការខិតខំបំពេញ ការងារគ្រប់បែបយ៉ាងដោយយកចិត្តទុកដាក់ធ្វើឱ្យបានល្អហ្មត់ចត់ និងច្បាស់លាស់ មិនថាជាការងារតូច ឬការងារធំ ហើយក៏ត្រូវប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន ដោយត្រូវខិតខំ រិះរកវិធីសាស្ត្រដោះស្រាយគ្រប់បញ្ហាឱ្យបានល្អ និងបានឆាប់ រហ័ស ទោះក្នុងកាលៈទេសៈណាក៏ដោយនិង ៣. ត្រូវអភិវឌ្ឍ ខ្លួន ឱ្យស្របជាមួយនឹងដំណើរអភិវឌ្ឍន៍រួមរបស់ស្ថាប័ន, អង្គភាព និងសង្គមជាតិ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ សាកល វិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តបាត់ដំបង ដែលបានផ្តល់អាហារូបករណ៍ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈគណៈកម្មាធិការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ផ្តល់ជូនសិស្ស-និស្សិតខ្វះលទ្ធភាពដើម្បី ទទួលបានការសិក្សា និងឱកាសក្នុងការប្រែក្លាយខ្លួនទៅជាធន ធានមនុស្សប្រកបដោយសមត្ថភាព៕