ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានអនុញ្ញាត ឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់ អាវុធសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានអនុញ្ញាត ឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់ អាវុធសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
ភ្នំពេញៈ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក នៅបញ្ជាការ ដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត ឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់ អាវុធសហព័ន្ធរុស្ស៊ី ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ Vladimir SVIRIDOV នាយសេនាធិការរង កងទ័ពជើងគោករុស្ស៊ី ចូលជួបសម្តែងការគួរសម បន្ទាប់ពីគណៈប្រតិភូបានជួប បំពេញ ការងារជាមួយនឹងក្រុមការងារកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពិភាក្សាអំពីការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិ ការទ្វេភាគី។
ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកងទ័ពជើងគោករុស្ស៊ី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកប ដោយផ្លែផ្កា ដែលក្រុមការងារទាំងពីរសម្រេចបាននៅក្នុងអំឡុង ពេលនៃដំណើរទស្សនកិច្ចនេះ ជាពិសេសការឯកភាពលើខ្លឹមសារ ភាគច្រើននៃសេចក្តីព្រាងអនុស្សារណៈស្តីពីកិច្ចសហប្រតិបបត្តិការក្នុងកម្រិតកងទ័ពជើងគោក។ វឌ្ឍនភាពនៃទំនាក់ទំនងនេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានមូលដ្ឋានផ្លូវការរឹងមាំ។
ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV បានថ្លែង អំណរគុណកងទ័ពជើងគោក នៃកងយោធពល ខេមរភូមិន្ទ ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងារនេះឱ្យសម្រេចបានជោគជ័យ។ លោកឧត្តមសេនីយ៍ ក៏បានបង្ហាញសុទិដ្ឋិនិយម ផងដែរចំពោះសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។
គួរបញ្ជាក់ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រុមការងារ កងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីនាពេល នេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅសហប្រតិបត្តិការ ទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ឱ្យមានការបោះជំហានទៅមុខប្រកបដោយភាពវិជ្ជមាន ជាពិសេសទិសដៅនានាដែលបានពិភាក្សា និងឯកភាពនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសហព័ន្ធរុស្ស៊ីកាលពីឆ្នាំ២០១៩ និងទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Nikolai Patrushev លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី កាលពីឆ្នាំ២០២១ កន្លងទៅ៕