រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំដោះស្រាយសំណើ និងផលប៉ះពាល់ក្នុងការបើកផ្លូវ១ខ្សែ ជូនពលរដ្ឋក្នុងសង្កាត់ក្រាំងធ្នង់
(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំមន្រ្តីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញខណ្ឌសែនសុខ បើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយផលប៉ះពាល់ទៅតាមសំណើរបស់ប្រជាពលរដ្ឋ លើករណីដែលអាជ្ញាធរមានផែនការពង្រីកផ្លូវមួយខ្សែ នៅក្នុងភូមិពោធិ៍ សង្កាត់ក្រាំងធ្នង់ ដើម្បីអាជ្ញាធរពន្លឿនការរៀបចំស្ថាបនាឱ្យបានលឿនតាមផែនការ ឆ្លើយតបនឹងតម្រូវការចាំបាច់ នៃកំណើនប្រជាពលរដ្ឋក្នុងតំបន់នេះ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានជម្រាបជូនពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងជម្រាបអំពីចំនួនពលរដ្ឋ ដែលរងផលប៉ះពាល់ជាង១០គ្រួសារ ពីគម្រោងនេះ ជាពិសេសបានរាយការលំអិត អំពីសាវតារបស់ផ្លូវចាស់ដែលមានស្រាប់ និងផែនការពង្រីកបន្ថែម ដើម្បីឱ្យផ្លូវនេះ មានភាពធំទូលាយនៅពេលខាងមុខ ប៉ុន្តែក៏មិនចង់ឱ្យមានផលប៉ះពាល់ប្រជាពលរដ្ឋច្រើនពេកនោះដែរ។
ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសពគ្រប់លោក ឃ្លាំង ហួត ក៏បានកំណត់ទំហំផ្លូវមួយសមស្រប និងសួរយោបល់ពីចៅសង្កាត់ អភិបាលខណ្ឌ និងមន្រ្តីជំនាញ ដើម្បីជ្រើសរើសយកយន្តសមស្របមួយ ដែលអាចទទួលយកបានទាំងប្រជាពលរដ្ឋផង និងត្រូវគិតពីផលប្រយោជន៍រួមរបស់ពលរដ្ឋក្នុងតំបន់ពិសេស ក្នុងពេលដែលចំនួនប្រជាពលរដ្ឋមានការកើនឡើងយ៉ាងគំហុក ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន និងទៅអនាគត។
យ៉ាងណា លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នឹងចុះទៅពិនិត្យស្ថានភាពផលប៉ះពាល់ជាក់ស្តែង ដើម្បីធ្វើការសម្រេចដាក់ឱ្យមន្រ្តីជំនាញយើង ធ្វើការស្ថាបនាផ្លូវមួយខ្សែនេះ ឱ្យបានទាន់ពេលវេលា។
ក្រៅពីនេះលោក ឃ្លាំង ហួត ក៏បានពិនិត្យលើសំណើពលរដ្ឋដែលរស់នៅលើមាត់ប្រឡាយចាស់ កាលពីមុនជាប្រឡាយបំរើឱ្យវិស័យកសិកម្ម ប៉ុន្តែបច្ចប្បន្ន តំបន់នេះបានក្លាយជាបុរី ផ្ទះល្វែង និងជាលំនៅដ្ឋានពលរដ្ឋ ស្ទើអស់ទៅហើយ។ លោកស្នើឱ្យមន្រ្តីជំនាញពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ ជាពិសេសពិនិត្យលទ្ធភាព និងស្នើសុំធ្វើបណ្ណកម្មសិទ្ធ ដើម្បីឱ្យពួកគាត់មានលំនឹងជីវិត៕