ក្រសួងធនធានទឹក ជូនដំណឹងពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមរដូវវស្សា ឆ្នាំ២០២៣

ក្រសួងធនធានទឹក ជូនដំណឹងពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមរដូវវស្សា ឆ្នាំ២០២៣

(ភ្នំពេញ)៖  ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមរដូវវស្សា ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងដូចថាស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០២៣ ដូចខាងក្រោម៖

*១៖ បាតុភូតសកល

ផ្អែកតាមការជូនដំណឹងជាសកលស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងតំបន់អេក្វាទ័រ បានបង្ហាញឱ្យឃើញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ២០% និងបាតុភូតអែនសូ (ENSO) ៨០% ជាបាតុភូតអន្តរកាលនៅចន្លោះរវាងឡានីណា (La Nina) និងអែលនីណូ (El Nino) ។

*២៖ រដូវប្រាំង

២.១- សីតុណ្ហភាព៖ សីតុណ្ហភាព មានកម្រិតទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ

-ខែមករា៖ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពមធ្យមអប្បបរមា ១៨ºC និងមធ្យមអតិបរមា ២៩ºC ។ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត សីតុណ្ហភាព អប្បបរមា អាចចុះមកក្នុងរង្វង់ពី ១៥-១៧ºC

-ខែកុម្ភៈ ដល់ខែមីនា៖ សីតុណ្ហភាពមធ្យមអប្បបរមា ២០ºC និងមធ្យមអតិបរមា ៣៣ºC

– ខែមេសា៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤ºC និងមធ្យមអតិបរមា ៣៦ºC។ កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងដល់ ៣៩ºC។

២.២- ទឹកភ្លៀង៖ បរិមាណទឹកភ្លៀងអាចនឹងស្មើនឹងកម្រិតមធ្យមភាគច្រើនឆ្នាំ ប៉ុន្តែតិចជាងឆ្នាំ២០២២

-នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ ទន្ទឹមនោះក៏មានការកើតឡើងនូវបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ច្រើនផងដែរ។

*៣៖ ដើមរដូវវស្សា

-រដូវវស្សាឆ្នាំ២០២៣ នៅទូទាំងប្រទេស អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា។ ដោយឡែកតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា។

-ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អជាបង្គួរ ជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ច្រើន។

ទន្ទឹមនឹងនេះ ក្រសួងបានបន្ថែមថា បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើនបង្គួរ តែបរិមាណ ទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕

អត្ថបទដែលជាប់ទាក់ទង