លោកស្រី ហែម ស៊ីណាត ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្តេច ហ៊ុន សែន បានចាត់ចែងឲ្យលោក សេង ទៀង យកថវិកា១០លានរៀល ប្រគល់ជូនលោកស្រី ហែម ស៊ីណាត សម្រាប់ជាការលើកទឹកចិត្ត ចំពោះការខិតខំរៀនសូត្រស្ទើរមួយជីវិត
លោកស្រី ហែម ស៊ីណាត ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្តេច ហ៊ុន សែន បានចាត់ចែងឲ្យលោក សេង ទៀង យកថវិកា១០លានរៀល ប្រគល់ជូនលោកស្រី ហែម ស៊ីណាត សម្រាប់ជាការលើកទឹកចិត្ត ចំពោះការខិតខំរៀនសូត្រស្ទើរមួយជីវិត
ភ្នំពេញ ៖ សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកា១០លានរៀល ដើម្បីលើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់សារព័ត៌មាន ឲ្យដឹងថា សម្តេចបានចាត់ចែងឲ្យលោក សេង ទៀង យកថវិកា១០លានរៀលប្រគល់ជូនលោកស្រី ហែម ស៊ីណាត សម្រាប់ជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្រស្ទើរមួយជីវិត។
លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២។ ទោះជាមិនបានជាប់ក្នុងការប្រឡងបាក់ឌុប ប៉ុន្តែលោកស្រីមិនអស់សង្ឃឹមនោះទេ ដោយប្តេជ្ញាបន្តប្រឡងជាថ្មីនៅឆ្នាំក្រោយទៀត ដើម្បីសម្រេចនូវក្តីស្រមៃជាគ្រូបង្រៀន។
ការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនមានអាយុក្មេងជាងគេឈ្មោះ គីម ហុង អាយុ១៣ឆ្នាំ ប្រឡងជាប់និទ្ទេស C និងបេក្ខជនចាស់ជាងគេគឺលោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ គីម ហុង សម្តេចតេជោ នឹងចុងផ្តើមអោយរៀនបាន ២មុខវិជ្ជា នៅមហាវិទ្យាល័យឌីជីថល របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង សកលវិទ្យាល័យប៊ែលធីអន្តរជាតិ។
ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានសិស្សជាប់៩០៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។
សម្តេចតេជោ ហ៊ុនសែន សូមអរគុណ ដល់លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា អង្គភាព ប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តែងចូលរួមរាល់កម្មវិធីប្រឡងប្រកបដោយភាពជោគជ័យ ល្អប្រសើរ ហើយមានសិស្សជាប់ដល់ជាង ៧៣%។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់។
សូមជម្រាបថា, សិស្សក្រីក្រ តាមទីជនបទ និងកំព្រា បានតស៊ូក្នុងការសិក្សា មិនត្រឹមតែជាប់បាក់ឌុបប៉ុណ្ណោះទេ ថែមទាំងទទួលបាន និទ្ទេស A ហើយភាពអស្ចារ្យនេះ ត្រូវបានប្រជាពលរដ្ឋនិយមលេងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្ហោះព្រោងព្រាត ជាសារជូនពរ ត្រេកអរ នូវលទ្ធផលទាំងនេះ ។ ពិសេសអាជ្ញាធរ មូលដ្ឋានបានយកចិត្តទុកដាក់ ចុះជួបសួរសុខទុក្ខ ផ្ដល់ថវិកាសម្ភារៈ និងលើកទឹកចិត្តដល់សិស្សពូកែថែមទៀត។
សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា, កាលពីសម័យកូវីដក្នុងឆ្នាំ 2021 សិស្សប្រឡងជាប់និទ្ទេស A មានចំនួនជិត 2000 នាក់ ដល់ឆ្នាំនេះ សិស្សទទួលនិទ្ទេស A តែជាង 1,000 នាក់ មានន័យថាតិចជាងឆ្នាំមុនប្រមាណ 700 នាក់។ សម្ដេចបានប្រកាសថា, ចំពោះសិស្សនិទេ្ទសA សម្ដេចនិងជួបនៅខែកុម្ភៈ ឆ្នាំ២០២៣។ សម្ដេចក៏បានមានប្រសាសន៍លើកឡើងថា, ការប្រឡងកុំគិតអំពីនិទ្ទេស សំខាន់ឲ្យតែបានប្រឡងជាប់ គឺមានឱកាសបន្តចូលមហាវិទ្យាល័យ សាកលវិទ្យាល័យ ដើម្បីអនាគត ៕