ភ្ញាក់ផ្អើល! បុរស និងស្ត្រី ២នាក់ បានបាត់បង់ជីវិតជាបន្តបន្ទាប់ ព្រោះពួកគេបានផឹកទឹកក្រូចមួយដបរួមគ្នា
ភ្ញាក់ផ្អើល! បុរស និងស្ត្រី ២នាក់ បានបាត់បង់ជីវិតជាបន្តបន្ទាប់ ព្រោះពួកគេបានផឹកទឹកក្រូចមួយដបរួមគ្នា
ស្ទឹងត្រែងៈ នេះបើតាមការប្រាប់ឱ្យដឹង ពីក្រុមគ្រួសារ សាច់ញាតិ របស់ជនរងគ្រោះ។
បុរស និងស្ត្រី ពីរនាក់ បានបាត់បង់ជីវិតជាបន្តបន្ទាប់ បន្ទាប់ពីពួកគេ បានផឹកទឹកក្រូចមួយដបរួមគ្នា នៅចម្ការភូមិរិទ្ធី សែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ និង ២៥ ខែធ្នូ ហើយមកដល់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ នៅមិនទាន់មានការបញ្ជាក់ ពីមន្ត្រីជំនាញនៅឡើយទេ។
លោកស្រី ហុក សុភាព អាយុ ៣២ ឆ្នាំ ត្រូវជាក្មួយសព បានរៀបរាប់ប្រាប់ឲ្យដឹងថា ឈ្មោះ យ៉ាត ចិន្តា ភេទប្រុស អាយុ ៤៤ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម មកធ្វើជាកម្មករដកដំឡូងមី នៅភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបូរីអូស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ មុនពេលកើតហេតុ ពូកគេតែងតែទៅទិញភេសជ្ជៈ ក្នុងតូបមួយកន្លែង នៅចំណុចដុងក្រឡ ហើយធ្វើការងារដកដំឡូង នៅចំការ ជារៀងរាល់ថ្ងៃ ជាមួយនឹងអ្នកដទៃទៀត។ ចៃដន្យ កាលពីថ្ងៃទី២៤ ខែធ្នូ ក្រោយពីផឹកទឹកក្រូចមួយដប ដែលទិញពីតូប នៅដុងក្រឡ យកទៅផឹក មួយសន្ទុះមក ក៏ស្រាប់តែមានអាការៈក្អួតចង្អោរ មិនស្រួលខ្លួន កាន់តែខ្លាំង រហូតសាច់ញាតិ ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ក្រោយមក ក៏បាត់បង់ជីវិត។ រីឯទឹកក្រូចមួយដបនោះ ស្ត្រីម្នាក់ទៀត ក៏បានផឹករួមគ្នាដែរ ក្រោយមក ថ្ងៃទី២៥ ក៏បាត់បង់ជីវិត នៅចំណុចវាលព្រីង ក្នុងសង្កាត់សាមគ្គី។
លោក សុខ គឹមសេន មេភូមិរិទ្ធីសែនជ័យ ១ បាននិយាយឱ្យដឹង នៅព្រឹកថ្ងៃទី ២៧ ធ្នូនេះថា គេសង្ស័យថាមានមនុស្សពុល ដោយសារផឹកភេសជ្ជៈទឹកក្រូចនោះ ពិតជាកើតឡើងមែន។ ប៉ុន្តែលោកមិនបញ្ជាក់អះអាងថា ការស្លាប់នោះ គឺបណ្ដាល មកពីពុល ដោយសារផឹកទឹកក្រូចឡើយ។ លោកមេភូមិ បាននិយាយទៀតថា ទាល់តែខាងជំនាញ ទើបអាចបញ្ជាក់រឿងនេះបាន។
លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង បាននិយាយថា ពិតជាមាន ករណីមនុស្សស្លាប់មែន។ លោកបាននិយាយថា មិនមែនប្រជាពលរដ្ឋ នៅក្នុងឃុំ របស់លោកឡើយ គឺកើតហេតុនៅស្រុកបុរីអូស្វាយសែនជ័យ។
លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹង ករណីនេះ មន្ត្រីជំនាញ កំពុងធ្វើការ ដើម្បីរកការពិត ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានចម្លើយថា ពិតជាស្លាប់ដោយសារពុល ផឹកទឹកក្រូចនោះឡើយ។ លោកបានឲ្យមន្ត្រីជំនាញ ធ្វើការងារដើម្បីបញ្ជាក់ពី ការពិត។ តែមិនទាន់សន្និដ្ឋានថា អាចបណ្ដាលមកពីពុលអ្វី ទើបបណ្ដាលឲ្យមនុស្ស ស្លាប់បានទេ ។ ចំណែកមន្ត្រីជំនាញកាំកុងត្រូល មិនអាចទាក់ទងសុំការពន្យល់ លើករណីនេះបានទេ ៕/