សេចក្តីប្រកាសព័ត៌មាន មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-សាធារណរដ្ឋកូរ៉េ ចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធ VTC លើ អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

សេចក្តីប្រកាសព័ត៌មាន

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-សាធារណរដ្ឋកូរ៉េ ចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធ VTC លើ

អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍  ប៉ាក ចុងហ៊័ន (Park Jeong Hwan) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកអំពីការភ្ជាប់ចំណងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េនៅក្នុងឆ្នាំ១៩៧០ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសក្នុងរយៈកាល ២៥ ឆ្នាំកន្លងមកនេះ រាប់ចាប់តាំងពីការភ្ជាប់ចំណងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខដឹកនាំនៃសាធារណរដ្ឋកូរ៉េជាច្រើនរូប។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានកត់សម្គាល់ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ដែលកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្រោយការចុះអនុស្សារណៈនៃការយោគយល់ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៨ ហើយដែលផ្តើមចេញពីមូលដ្ឋាននេះ ក៏បានបើកឱកាស និងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងទ័ពជើងគោកកម្ពុជា-សាធារណរដ្ឋកូរ៉េ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលផ្លែផ្កាជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ជំនួយជាសម្ភារយោធា ជាដើម។

ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខារួមគ្នាលើ “អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋកូរ៉េ” ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាងភាគីទាំងពីរ ដោយផ្អែកលើទំនុកចិត្តរួមក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌។ ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើងនៃទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយឯកសារអនុស្សារណៈនេះនឹងក្លាយជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានាតទៅអនាគត។

  

ថ្ងៃពុធ ៦ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២

អត្ថបទដែលជាប់ទាក់ទង