សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យអភិបាលខេត្តផ្សេងៗ យកគំរូតាមលោក ម៉ៅ ធនិន ក្នុងការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យអភិបាលខេត្តផ្សេងៗ យកគំរូតាមលោក ម៉ៅ ធនិន ក្នុងការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ
(កំពត)៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យអភិបាលខេត្តផ្សេងៗ យកគំរូតាមលោក ម៉ៅ ធនិន ក្នុងការដោះស្រាយនោះ ព្រោះសម្ដេចមើលឃើញថា បញ្ហាទាំងអស់នោះមិនធំដុំនោះទេ ហើយអ្នកដែលមានវិវាទភាគច្រើនជាក្រុមគ្រួសារ ឬសាច់ញាតិគ្នា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពីមុនជាអភិបាលខេត្តពោធិ៍សាត់ ក្នុងការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយឈរលើភាពត្រឹមត្រូវ និងមិនលម្អៀង ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានស្ងប់ចិត្ត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្ត ឥលូវខេត្តកំពតប្រជាពលរដ្ឋបានស្ងប់ចិត្តច្រើនហើយ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងមិចឲ្យខេត្តកំពត ទៅជាសុវត្ថិភាពបំផុត ជាខេត្តគ្មានជម្លោះដីធ្លី ជាខេត្តដែលចៅហ្វាយខេត្តឈរដោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ កូន (អភិបាលខេត្តកំពត) ត្រូវបន្ដធ្វើទៅ។ បើសិនជាអភិបាលខេត្តគ្រប់ខេត្ត ធ្វើត្រឹម ម៉ៅ ធនិន ធ្វើនៅខេត្តពោធិ៍សាត់ ហើយបន្ដមកធ្វើនៅកំពត ខ្ញុំគិតថា ជម្លោះដីធ្លីនឹងស្ងប់ឯង ព្រោះមិនមានអីច្រើនទេ»។
ពាក់ព័ន្ធករណីវិវាទដីធ្លីនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ជម្លោះភាគច្រើនកើតចេញពីក្នុងក្រុមគ្រួសារឯងប៉ុណ្ណោះ ដោយក្នុងនោះខ្លះជម្លោះរវាងម្ដាយ ឪពុកជាមួយកូន ហើយខ្លះទៀត ជម្លោះរវាងបងប្អូនបង្កើត។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ករណីវិវាទឈានដល់តុលាការហើយនោះ មិនអាចកាត់ឲ្យស្មើគ្នាបានទេ ច្បាស់ជាមានអ្នកម្នាក់ឈ្នះ ម្នាក់ចាញ់។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, បច្ចុប្បន្ននេះខេត្តកំពត កំពុងដើរតួនាទីគំរូលើបញ្ហាដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ។ ចំណុចនេះ សម្ដេចបានណែនាំបន្ថែមដល់អភិបាលខេត្តកំពត ត្រូវដាក់កម្មវិធីមួយសប្ដាហ៍ មួយថ្ងៃ ឬពីរថ្ងៃ ដើម្បីជួបដោះស្រាយ ហើយក្នុងករណីប្រជាពលរដ្ឋពិបាកឡើងមកខេត្ត ត្រូវចុះទៅមូលដ្ឋានតែម្ដង ដោយត្រូវសម្របសម្រួលលើបញ្ហានេះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មការសុរិយោដីក្រុង ស្រុក ខណ្ឌ បានទទួលពាក្យបណ្តឹងចំនួន៩,៣៨១ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន៨,៦២៥ករណី ក្នុងនោះបញ្ចប់ជាស្ថាពរចំនួន៤,៤៩៤ករណី ច្រានចោលពាក្យបណ្តឹងបន្ទាប់ពីស៊ើបអង្កេតឃើញថា ខុសសមត្ថកិច្ចចំនួន៣ ១០៧ករណី ភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ១០២៤ករណី និងកំពុងដោះស្រាយចំនួន៧៥៦ករណី លទ្ធផលក្រុមដោះស្រាយវិវាទដីធ្លី ចល័តក្រុង ស្រុក ខណ្ឌ អនុវត្តបានចំនួន៤ ៣៥៤ករណី (ក្នុងនោះបញ្ចប់ជាស្ថាពរចំនួន២ ១៦៦ករណីច្រានចោល ពាក្យបណ្តឹងបន្ទាប់ពីស៊ើបអង្កេតចំនួន១ ២៦៥ករណី ភាគីស្នើសុំដកពាក្យបណ្តឹងចំនួន៥៤៨ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន៣៧៥ករណី)៕