ភ្ញៀវដែលបានដើរលម្ហែកម្សាន្តនៅទូទាំងខេត្តកំពត មានប្រមាណជិត៤ម៉ឺននាក់
ភ្ញៀវដែលបានដើរលម្ហែកម្សាន្តនៅទូទាំងខេត្តកំពត មានប្រមាណជិត៤ម៉ឺននាក់
កំពត: ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២ឈានចូលឆ្នាំ២០២៣ ភ្ញៀវដែលបានដើរលម្ហែកម្សាន្តនៅទូទាំងខេត្តកំពតមានប្រមាណជិត៤ម៉ឺននាក់។ ចំណែកកែបដែលជាខេត្តជាប់ព្រំប្រទល់នោះមានវត្តមានភ្ញៀវប្រមាណជិត៩ម៉ឺននាក់។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ពេញមួយថ្ងៃ និងយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ជាឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកល ភ្ញៀវដែលបានដើរលម្ហែកម្សាន្តនៅទូទាំងខេត្តមាន៣៣០.៦៥៩នាក់។ ក្នុងនោះ ទេសចរអន្តរជាតិចំនួន២៤៧នាក់។ លោកប្រធានមន្ទីរបានបញ្ជាក់ថា បើគិតតែភ្ញៀវដែលបានទស្សនាពិធីប្រណាំងទូក ការដើរលម្ហែក្នុងក្រុង ពិធីបាញ់កាំជ្រួច និងការកម្សាន្តកម្មវិធីប្រគំតន្ត្រីដើម្បីរង់ចាំការរាប់ថយក្រោយមានប្រហែល៣០ម៉ឺននាក់។
ជាមួយភ្ញៀវពេលយប់ដ៏ច្រើនបែបនេះបានធ្វើឱ្យសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូពេញទាំងអស់ដោយមិនមានបន្ទប់ណាមួយក្នុងចំំណោមជាង៤.៧០០បន្ទប់នោះទំនេរឡើយ។ ក្រៅពីនេះក៏មានការបោះតង់បន្ថែមនៅលើភ្នំបូកគោ និងរមណីយដ្ឋានទំនប់ម្លិចទៀតផង។
ដោយឡែកតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ថា ក្នុងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២ឈានចូលឆ្នាំ២០២៣ ខេត្តកែបបានទទួលភ្ញៀវទេសចរចំនួន ៨៨.៣៥៦នាក់។ ក្នុងនោះភ្ញៀវជាតិមាន៨៧.៨៦៧នាក់។ បរិមាណនេះបានកើនឡើង៣៣,៥៩ភាគរយបើប្រៀបធៀបនឹងឱកាសដូចគ្នាកាលពីឆ្នាំមុន៕