03.01.2023 ឯកឧត្តម ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម PABLO KANG ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិការទូត និងជម្រាបលា
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួប ឯកអគ្គរាជទូតអូស្រ្តាលី ដែលចប់អាណត្តិនៅកម្ពុជា
(ភំ្នពេញ)៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី មុននឹង ឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ជាពិសេសការឧបត្ថម្ភគាំទ្រគ្នានៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ និយាយជារួម និងនិយាយដោយទ្បែក នៅកម្រិតកងទ័ពជើងនៃកងយោធពលខេមរភូមិន្ទ។ លើសពីនេះ ឯកឧត្តម ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះភាពកក់ក្តៅក្នុងរយៈពេលបំពេញបេសកម្មការទូត និងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-អូស្រ្តាលី ។ ចំពោះកិច្ចសហប្រតិបត្តិការយោធារវាប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ ក៏បានគូសរំលេចអំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែសកម្មជិតស្និទ្ធរវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស។
ជាចុងក្រោយ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់ ឯកឧត្តម ឯកអគ្គរាជទូត ក្នុងការសម្របសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាក់ស្តែងជាច្រើនក្នុងអាណត្តិការទូតរយៈពេល ០៣ ឆ្នាំកន្លងមកនេះ។