ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» និង «សិក្ខាសាលាយុវជនស្ដីពីទំនាក់ទំនងកម្ពុជា-ចិន» នៅអគារចាយ៉ាស្មាត រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ 

ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» នឹងដើរតួនាទីដ៏សំខាន់ក្នុងនាមជាវេទិកានៃការផ្លាស់ប្តូរបទពិសោធន៍, ទស្សនាទាន, និងវប្បធម៌ រវាងយុវជននៃប្រទេសទាំងពីរ ដែលនឹងជំរុញបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងការកសាងអនាគតរួមគ្នារបស់យើង ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ វេទិកានេះក៏នឹងចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាបន្ថែមលើការគាំទ្រកន្លងមករបស់មិត្តចិនដូចជា៖ ការផ្តល់អាហារូបករណ៍, ការផ្លាស់ប្តូរទស្សនកិច្ច និងការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗ សម្រាប់ស្រទាប់យុវជន និងបញ្ញវន្តកម្ពុជា។ ក្នុងន័យនេះ, ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន គឺជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន ហើយក៏ជាតឹកតាងនៃការផ្សារភ្ជាប់ និងការបណ្តុះភាពជាមិត្តរវាងយុវជនជំនាន់ក្រោយក្នុងនាមជា «មិត្តល្អ និងជាដៃគូល្អ»។

ឯកឧត្តម បណ្ឌិត បានបន្ថែមទៀតថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន, ប្រទេស និងប្រជាជនទាំងពីរ គឺជាមិត្តដែកថែប ដែលតែងឈរនៅជាមួយគ្នា និងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ    មិនថាការលំបាកយ៉ាងណាក៏ដោយ។ ជាក់ស្តែង, ទោះបីជាប្រទេសចិនបានរងគ្រោះពីការរើសអើងជាច្រើន នៅក្នុងដំណាក់កាលដំបូងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ក៏កម្ពុជាយល់ថា ពេលនោះ គឺជាពេលអាសន្ន ដែលប្រទេសទាំងអស់ត្រូវលើកទឹកចិត្តគ្នា និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងន័យមិត្តភាព និងមនុស្សធម៌ ដូចដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ទៅកាន់ទីក្រុងប៉េកាំង កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដូច្នោះដែរ ។ ស្រដៀងគ្នានេះ, ជំនួយរបស់ចិនក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់កម្ពុជា ជាពិសេសជំនួយជាវ៉ាក់សាំង និងសម្ភារបរិក្ខារពេទ្យ ក៏ដូចជាលទ្ធផលជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ក៏កាន់តែបញ្ជាក់ច្បាស់លាស់អំពីភាពចាំបាច់នៃមិត្តភាពដ៏រឹងមាំ ក្នុងនាមជាសហគមន៍វាសនារួមគ្នា។

គួរបញ្ជាក់ផងដែរថា  «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» គឺជាសមិទ្ធផលមួយដែលកើតចេញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា-ចិន ដែលត្រូវបានលើកស្ទួយតាមរយៈគោលការណ៍នៃអធិបតេយ្យភាព ស្មើមុខស្មើមាត់ ប្រកបដោយការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

អត្ថបទដែលជាប់ទាក់ទង