មិនធម្មតា ការប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់របស់ ទ្រី ដាណា មានប្រាក់រង្វាន់ វ៉ាដាច់សង្វៀនក្នុងស្រុក
មិនធម្មតា ការប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់របស់ ទ្រី ដាណា មានប្រាក់រង្វាន់ វ៉ាដាច់សង្វៀនក្នុងស្រុក
អ្នកលក់អនឡាញដ៏ល្បីឈ្មោះ នៅក្នុងប្រទសកម្ពុជា អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ច្បាស់ថា ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់របស់ខ្លួន ដែលនឹងរៀបចំ ក្នុងព្រឹត្តិការណ៍«គុនខ្មែរអលស្តារ» ខាងមុខនេះ នឹងមានការផ្តល់រង្វាន់ទាំងទឹកប្រាក់ និងមាសសុទ្ធ ដោយមានតម្លៃសរុបច្រើនជាងប្រាក់រង្វាន់ នៅតាមសង្វៀនប្រដាល់ក្នុងស្រុកផ្សេងៗទៀត។
«សូមប្រកាសផ្លូវការ កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់របស់នាងខ្ញុំ នឹងរៀបចំ ឡើងនៅខែមេសា ចំពោះរង្វាន់ម្ចាស់ខ្សែក្រវាត់ ទទួលបានខ្សែកមាសសុទ្ធ២តម្លឹង លុយសុទ្ធ ៤០លានរៀល ឯលេខ២ ទទួលបានលុយសុទ្ធ ២០លានរៀល។ ក្រៅពីនេះ កម្មវិធីក៏នាំកីឡាករបរទេសជាច្រើនរូប មកប្រកួតជាមួយកីឡាករកម្ពុជាយើង ដើម្បីបង្កើនសមត្ថភាពកីឡាករយើងផងដែរ»។ នេះជាអ្វីដែលអ្នកស្រី ទ្រី ដាណា បានប្រកាស នៅលើផេចហ្វេសប៊ុករបស់ខ្លួន កាលពីម្សិលមិញ។
សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ NNP ឬដណ្តើមខ្សែក្រវាត់លោកជំទាវ ទ្រី ដាណា នេះ នឹងមានការប្រកួតប្រកួតជម្រុះ ២ដង រួចរកអ្នកខ្លាំងឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ នៅខែមិថុនា ជាមួយរង្វាន់ខ្សែកមាស ២តម្លឹង និងប្រាក់រង្វាន់ ៤០លានរៀលតែម្ដង។
ចំពោះបេក្ខភាព ដែលនឹងត្រូវចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ NNP នេះ គឺជើងខ្លាំង អេលីត សាន់ ត្រូវបានប្រកាសបេក្ខភាពរួចហើយ ចំណែក ស៊ន រ៉ាគីម ក៏នឹងត្រូវដាក់ឱ្យចូលរួមប្រកួតប្រជែងផងដែរ តែអ្នកផ្សេងទៀត នៅមិនទាន់បានបង្ហាញនៅឡើយទេ ខណៈលោក ស៊ន អេលីត ស្ថាបនិកម្ចាស់កម្មវិធីគុនខ្មែរអលស្តារ គឺជាអ្នកផ្តួចផ្តើមរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ NNP នេះតែម្តង៕