ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញថា ការផ្តួចផ្តើមឲ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញថា ការផ្តួចផ្តើមឲ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការគាស់រំលើងនូវប្រពៃណី វប្បធម៌ខ្មែរ ឲ្យរស់រវើកឡើងវិញ
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការសាងសង់សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៣មក ក៏ដូចជាឆ្នាំ២០២៣នេះ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរឲ្យរុងរឿងឡើងវិញ ក្នុងនោះការសាងសង់សំណង់នានាក៏ត្រូវគោរពតាមរចនាបទខ្មែរដែរ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញថា ការផ្តួចផ្តើមឲ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការគាស់រំលើងនូវប្រពៃណី វប្បធម៌ខ្មែរ ឲ្យរស់រវើកឡើងវិញ។
ឯកឧត្តម បានបញ្ជាក់ថា “ព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ នឹងមកងល់បច្ចុប្បន្នឆ្នាំ២០២៣ ជាស្មារតីរួម គឺការលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ហើយរចនាបទខ្មែរក៏ដូចគ្នាដែរ អីចឹងហើយនៅទិដ្ឋភាព នៅទីតាំងនីមួយៗយើងតែងតែធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូអ្នកគ្រូនៃសាលាវិចិត្រសិល្បៈដែលគ្រប់រចនាបទរបស់យើងដូចជាទីតាំងដែលយើងកំពុងឈរនៅទីនេះ គឺភូមិខ្ញុំ ក្នុងទីលានជល់ដំរី មុខប្រាសាទបាយ័ន គឺយើងគិតគូរថាសម័យកាលណា ហើយយើងសម្លៀកបំពាក់បែបណា ដំបូលរបៀបម៉េច? ពេលខ្លះយើងមានសម័យកាលតែមួយឬលើសពីមួយទាំងអស់នេះ គឺយើងតែងតែឆ្លងយោបល់សួរនាំ និងតែងមានការណែនាំពិគ្រោះយោបល់ពីលោកគ្រូអ្នកគ្រូសាលាវិចិត្រសិល្បៈជាមុនសិន មុននឹងយើងសម្រេចការសាងសង់ជារចនាបទឲ្យស្របទៅនឹងដំណាក់កាល ដោយសារជាព្រឹត្តិការមួយដែលលើកស្ទួយរបៀបរបបប្រពៃណីវប្បធម៌ យើងត្រូវធ្វើទៅតាមរចនាបទស្ទើរតែទាំងស្រុងក្នុងការយកគំរូតាមអ្វីៗដែលជារចនាបទខ្មែរ។ ប៉ុន្តែកន្លែងខ្លះក៏មានច្នៃប្រឌិតដែរ ឧទាហរណ៍ដូចជានៅត្រពាំងសេស ដែលមានតំបន់តោះៗលេងទឹកឬក៏អ្វី ដែលវាជាកន្លែងកម្សាន្ត មិនអាចទាំងស្រុងដូចរចនាបទខ្មែរទេ“ ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលខួបគម្រប់១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រុមការងារនៃស.ស.យ.ក. បានពង្រីកទីតាំងលេងកម្សាន្តដល់ទៅ៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ ៤៤ប្រភេទ សម្រាប់ទទួលអ្នកមកកម្សាន្ត។ ជាមួយនឹងការពង្រីកទំហំព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងទៀតថា ក៏មានយុវជនស្ម័គ្រចិត្តជាង៥០០០នាក់មកចូលរួមផងដែរ ៕