តារាចម្រៀងសម័យ និងបុរាណ ដែលកំពុងសាងភាពល្បីល្បាញ គឺអ្នកនាង ពេជ្រ ចរិយា

តារាចម្រៀងសម័យ និងបុរាណ ដែលកំពុងសាងភាពល្បីល្បាញ គឺអ្នកនាង ពេជ្រ ចរិយា

ភ្នំពេញ ៖ កាលពីថ្មីៗនេះ អ្នកនាង ពេជ្រ ចរិយា បានហាត់រៀនបទចម្រៀងថ្មីមួយ ដោយគ្រាន់តែជាការហាត់សមពុតសម្លេងសោះ ពិរោះដល់ម្ល៉ឹងហើយ មិនដឹងថា តើពីរោះយ៉ាងណានោះទេ?។
អ្នកចម្រៀង ពេជ្រ ចរិយា បានបញ្ជាក់ថា «អ្នកនាងសព្វថ្ងៃនេះ បានហាត់រៀនពីលោកគ្រូ អ៊ុក សំអាត ដែលជាអ្នកនិពន្ធបទភ្លេងដ៏ល្បី ដោយលោកតែងតែបង្ហាត់អ្នកនាងអោយយល់ដឹងពីសម្លេងថា គួរប្រើទិចនិចសម្លេងបែបម្តេចអោយពីរោះ មានទឹកដម ជាពិសេសគឺស្ទីលនៃការច្រៀងតែម្តង»។
អ្នកនាង ពេជ្រ ចរិយា បានបន្ថែមថា អ្នកនាងបានរៀនសូត្រពីលោកគ្រូច្រើន ដោយលោកជាអ្នកនិពន្ធបទភ្លេងជើងចាស់មួយរូប ហើយបទមួយៗរបស់លោកទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ។ អ្នកនាង ពេជ្រ ចរិយា បានបន្តថា «ភាគច្រើនបទចម្រៀងដែលអ្នកនាងចូលចិត្ត គឺបទមនោសញ្ចេតនាកំសត់ៗ បើចំពោះបទដែលញាប់ គឺភាគច្រើនមានភាពលំបាកសម្រាប់អ្នកនាង»។
ទាក់ទងនឹងសម្លេងតារាចម្រៀងមួយដួងនេះ កាលពីកន្លងមក អ្នកនាងក៏ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ដោយអ្នកនាងធ្លាប់បកស្រាយបទ ផ្ញើធៀបហៅបង បទ ទំនុកផ្ញើបង បទ រងាអូនចាំ និងបទចម្រៀងជាច្រើនបទទៀត ដែលទទួលការចាប់អារម្មណ៍តាមរយៈទឹកដមដ៏ក្រអួនក្រអៅរបស់អ្នកនាង។
អ្នកនាង ពេជ្រ ចរិយា បានរៀបរាប់ឱ្យដឹងថា ម្តាយឪពុករបស់អ្នកនាងសុទ្ធសឹងតែជាអ្នកសិល្បៈ អ្នកនាងមានឪពុកជាអ្នកតន្ត្រីករមួយរូប ដែលមានជំនាញទៅលើឧបករណ៍តាខេ ចំពោះអ្នកម្តាយជាអ្នកចម្រៀងអាយ៉ៃ ដ៏មានប្រជាប្រិយភាពកាលពីកន្លងទៅ នៅក្នុងខេត្តកំពង់ធំ ពោលគឺអាចនិយាយបានថា អ្នកនាងមានឈាមជ័រអ្នកសិល្បៈតែម្តង»។ តារាចម្រៀងអ្នកនាង ពេជ្រ ចរិយា ជាអតីតម្ចាស់ជ័យលាភីលេខ១ ក្នុងចម្រៀងមរតកស្នាមញញឹម និងវប្បធម៌ខ្មែរ កាលពីឆ្នាំ២០០៩ និងឆ្នាំ២០១០ ៕

អត្ថបទដែលជាប់ទាក់ទង