លោក ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយរដ្ឋមន្ត្រីទទួលបន្ទុក សម្របសម្រួលសន្តិសុខជាតិសិង្ហបុរី
លោក ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយរដ្ឋមន្ត្រីទទួលបន្ទុក សម្របសម្រួលសន្តិសុខជាតិសិង្ហបុរី
ភ្នំពេញៈ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបសំណេះ សំណាលជាមួយ លោក Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួល បន្ទុក សម្របសម្រួលសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានដឹកនាំគណៈ ប្រតិភូ មកបំពេញទស្សនកិច្ចទ្វេភាគី នៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូល រួមទស្សនាព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ ជំនួបនេះ បានធ្វើឡើង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។
ក្នុងជំនួបនេះ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែង រវាងកម្ពុជា-សិង្ហបុរី រាប់ពីការចាប់ផ្តើម នៃទំនាក់ទំនងការទូតដំបូង ក្នុងឆ្នាំ១៩៦៥ ក្រោយពេលដែលសិង្ហបុរី ក្លាយជារដ្ឋឯករាជ្យ ដែលនៅពេលនោះ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងបង្អស់ ដែលបានទទួលស្គាល់ឯករាជ្យរបស់ សិង្ហបុរី។
ជាមួយគ្នានេះ លោក បណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកាន់តែប្រសើរ ឡើងនៃ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ដែលមានលក្ខណៈជិតស្និទ្ធ ស៊ីជម្រៅ និងប្រកបដោយទំនុកចិត្ត ដោយក្នុងនេះ សិង្ហបុរី ក៏បានផ្តល់ការគាំទ្រផងដែរ ចំពោះភាពជាប្រធានអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា ក៏ដូចជាការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ តាមរយៈការផ្តល់ ការហ្វឹកហ្វឺន ផ្នែកការពារសន្តិសុខ-សុវត្ថិភាព ដល់បណ្តាកងឯកភាពចំណុះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាដើម។
ជាការឆ្លើយតប លោក Teo Chee Hean បានសម្តែងនូវការពេញចិត្ត ចំពោះ លទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សិង្ហបុរី ដែលកំពុងមានវឌ្ឍនភាព រីកចម្រើន ទៅមុខ គួរឱ្យកត់សម្គាល់ និងបានថ្លែងនូវការកោតសរសើរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ធំៗ ជាលក្ខណៈតំបន់ជាច្រើន ជាពិសេសភាពជាប្រធានអាស៊ាន ឆ្នាំ២០២២ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយក្នុងនេះ លោក ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអត្តពលិក និងគណៈប្រតិភូកីឡា របស់សាធារណរដ្ឋសិង្ហបុរី ដែលកំពុងចូលរួមការប្រកួត នៅកម្ពុជា៕