កូនស្រីរបស់អតីតតារាភាពយន្តជើងចាស់ លោក យស់ បូវណ្ណៈ បានឈ្នះពានរង្វាន់ឆ្នើមនៅក្នុងការច្នៃម៉ូដសម្លៀកបំពាក់បែបប្រពៃណីខ្មែរ
កូនស្រីរបស់អតីតតារាភាពយន្តជើងចាស់ លោក យស់ បូវណ្ណៈ បានឈ្នះពានរង្វាន់ឆ្នើមនៅក្នុងការច្នៃម៉ូដសម្លៀកបំពាក់បែបប្រពៃណីខ្មែរ
អាមេរិក ៖ កម្មវិធីនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងអោយផ្តល់ឱកាសអោយនិស្សិតមកពីគ្រប់តំបន់កែច្នៃម៉ូដដោយខ្លួនឯង ដើម្បីយកមកបង្ហាញនៅលើឆាកប្រកួតប្រជែងរកអ្នកច្នៃម៉ូដឯក។ កូនស្រីម្នាក់ ក្នុងចំណោមកូនស្រីទាំង៣នាក់ របស់តារាភាពយន្តជើងចាស់រូបនេះមានឈ្មោះ បូវណ្ណៈ រាជ្ជធីតា បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់នៃសកលវិទ្យាល័យ California State University Long កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។
លោក យស់ បូវណ្ណៈ បានអះអាងប្រាប់ថា លោកពិតជាមានមោទកភាពសម្រាប់កូនស្រីរបស់លោកដែលបានឈ្នះពានអ្នកច្នៃម៉ូដឆ្នើមនៅក្នុងការប្រកួតមួយនេះ។ លោកបញ្ជាក់ថា «កូនស្រីរបស់លោក គឺ បូវណ្ណៈ រាជ្ជធីតា ក៏ជាអ្នកបង្ហាញម៉ូដ និងច្នៃម៉ូដម្នាក់ដែរ ហើយកន្លងមក កូនស្រីរបស់លោកក៏ធ្លាប់បានចូលរួមកម្មវិធីដើរម៉ូដនេះជាបន្តបន្ទាប់ផងដែរ»។
លោកបន្ថែមថា ក្រៅពីសិក្សាលើជំនាញនៅសាលា កូនស្រីទាំង៣របស់លោកក៏ជាអ្នករាំរបាំប្រពៃណីខ្មែរនៅកម្មវិធីថ្នាក់ជាតិនានា នៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ ។ លោកបន្ថែមទៀតថា «ក្នុងនាមជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក លោកនិងភរិយា ព្រមទាំងកូនៗតែងតែចូលរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ និងប្រពៃណីខ្មែរអោយបរទេសបានស្គាល់ និងអោយខ្មែរដែលរស់នៅទីនេះ ចូលរួមថែរក្សា និងលើកស្ទួយអោយបានគង់វង្ស»។ លោក យស់ បូវណ្ណៈ ក៏បានចូលរួមអបអរសាទរ និងមានមោទកភាពយ៉ាងខ្លាំង ក្នុងពេលដែលប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមដ៏ល្អប្រកបដោយជោគជ័យ ៕