លោកស្រី ឱ វណ្ណឌីន អំពាវនាវឲ្យបញ្ឈប់ចែកចាយព័ត៌មានខុសបច្ចេកទេស ដែលថា «WHO: មនុស្សពេញវ័យ មានសុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងបន្ថែម»
លោកស្រី ឱ វណ្ណឌីន អំពាវនាវឲ្យបញ្ឈប់ចែកចាយព័ត៌មានខុសបច្ចេកទេស ដែលថា «WHO: មនុស្សពេញវ័យ មានសុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងបន្ថែម»
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកអំពាវនាវសូមបញ្ឈប់ចែកចាយការផ្សាយ ដែលបកស្រាយខុសពីបច្ចេកទេស ដោយនិយាយពីអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា «មនុស្សពេញវ័យ មានសុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងបន្ថែម»។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា នេះជាការបកស្រាយខុសបច្ចេកទេស ហើយ WHO មិនបាននិយាយបែបនេះទេ។
លោកស្រីបានអំពាវនាវថា «សូមមេត្តាបញ្ឈប់ចែកចាយការផ្សាយ ដែលបកស្រាយខុសពីបច្ចេកទេសនេះ ដោយ WHO មិននិយាយបែបនេះទេ អ្នកដែលបកស្រាយនេះ មានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជាឡើយ។ សូមអរគុណ ! ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣»។
សូមជម្រាបថា កម្ពុជាកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងដូស ជំរុញដល់ប្រជាពលរដ្ឋ។ គិតត្រឹមយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន ១៥,២៨៥,៩៧២នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ជាមួយគ្នានេះអ្នកបានចាក់ដូសទី៣ចំនួន ១០,៦៣៣,២១១នាក់, ចាក់ដូសទី៤ចំនួន ៥,១៨៤,៦២៧នាក់, ចាក់ដូសទី៥ចំនួន ១,៨៣២,១២៧នាក់ និងចាក់ដូសទី៦ចំនួន ៣៨៥,៥៤១នាក់៕