សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ពីប្រទេសឥណ្ឌូនេស៉ី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសពីការឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង ដែលបានរត់ក្រោមតំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ បើទោះបីខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកា១ម៉ឺនដុល្លារនេះ សម្ដេចបានចាត់ឲ្យលោក សេង ទៀង ជាអ្នកយកថវិកានេះដោយផ្ទាល់ជូនកីឡាការិនី ប៊ូ សំណាង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុី តែខ្ញុំក៏នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជា យើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។
ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំ និងភរិយា សូមជួយឧបត្ថម្ភ១មុឺនដុល្លារ (10,000$)។ សូមលោក សេង ទៀង យកថវិកាជូនកូនស្រី ប៊ូ សំណាង ដោយផ្ទាល់ដៃ»។
សូមជម្រាបថា តាមរយៈវីដេអូ ដែលកំពុងល្បីលើបណ្តាញសង្គម កីឡាការនី ប៊ូ សំណាង ដែលប្រកួតលើវិញ្ញាសារត់ ៥០០០ម៉ែត្រ បានប្រឹងប្រែងពុះពារក្រោមដំណក់ទឹកភ្លៀង ទោះដឹងថាមិនបានមេដាយក្តី ក៏នាងមិនបោះបង់ការប្រកួតដែរ ពោលនាងរត់ម្នាក់ឯង ទាល់តែដល់គោលដៅ។
កីឡាការិនីរូបនេះ មិនបានមេដាយអ្វីនោះទេ ហើយនាងក៏ស្ថិតក្នុងចំណាត់ថ្នាក់ក្រោមគេ ក្នុងចំណោមអត្តពលិកជាច្រើនផងដែរ។ ទោះជាយ៉ាងនេះក្តី មហាជនបានកោតសរសើរពីការខិតខំរបស់នាង ហើយវីដេអូនោះបានឆក់យកបេះដូងមហាជនទាំងមូល និងចាត់ទុកថា ម្ចាស់អាវលេខ ៤០១ និងខោលេខ ១០ គឺជាជើងឯកក្នុងចិត្តពួកគាត់។
សូម្បីតែបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ក៏បានចាប់អារម្មណ៍លើសកម្មភាពប្រកួតក្រោមដំណក់ភ្លៀង របស់កីឡាការិនីកម្ពុជាផងដែរ ពេលនាងប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ នាងបានយកទង់ជាតិកម្ពុជា ជូតទឹកភ្នែក និងលើកដីសំពះមកអ្នកគាំទ្រ ក្រោយការប្រកួតបានបញ្ចប់៕