កម្ពុជា បានកក់កៅអី សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ភ្នំពេញ៖ លើប្រភេទកីឡាបាល់បោះ បន្ទាប់ពីវិញ្ញាសា ៣នាក់ម្ខាង កម្ពុជាដណ្ដើមបានមេដាយមាសនោះ ពេលនេះលើវិញ្ញាសា ៥នាក់ម្ខាង កម្ពុជាបានកក់កៅអី សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតហើយ។
នៅល្ងាចថ្ងៃទី១១ ឧសភា ក្នុងការប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ កម្ពុជាបានទម្លាក់ក្រុមម្ចាស់មេដាយមាស ១៨ជំនាន់ គឺក្រុមជម្រើសជាតិហ្វីលីពីន ៧៩ទល់៦៨។ នេះជាការប្រកួតទី២ របស់ក្រុមកម្ពុជា សម្រាប់ពូលA ដែលការប្រកួតទី១ កម្ពុជាបានយកឈ្នះក្រុមសឹង្ហបូរី ក្នុងពិន្ទុ៨៥ទល់៦០។
២ប្រកួត កម្ពុជាមានពិន្ទុពេញ៤ពិន្ទុ នៅថ្ងៃទី១២ ឧសភានេះ ក្រុមកម្ពុជា នឹងប្រកួត បញ្ចប់ពូលចុងក្រោយ ជាមួយក្រុមម៉ាឡេស៊ី មុននឹងឡើងទៅកាន់ វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ។
សូមបញ្ជាក់ថា សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ហ្វីលីពីន គឺជាប្រទេសមហាអំណាច នៃប្រភេទកីឡាបាល់បោះ៕