សម្ដេចក្រឡាហោម ស ខេង ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា សម្ដេចត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ១៩ ហើយពេលនេះកំពុងដាក់ខ្លួនឲ្យស្ថិតនៅដាច់ដោយឡែក។
តាមរយៈសារមួយផ្ញើជូនជនរួមជាតិតាមបណ្ដាញសង្គម សម្ដេចក្រឡាហោមបានលើកឡើងដូច្នេះថា៖
«ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។ សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណាក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា»។


ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយសម្តេចនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ។
សូមបញ្ជាក់ថាអស់រយៈពេលជាច្រើនខែមកហើយ ប្រទេសកម្ពុជាពុំបានរកឃើញមានជម្ងឺកូវីដ១៩ នៅក្នុងប្រទេសនោះឡើយ បន្ទាប់ពីមានភាពសមនៅក្នុងសហគមន៍។
គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៧៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦៧៧នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

អត្ថបទដែលជាប់ទាក់ទង