លោក ឃួង ស្រេង ៖ ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ គឺមានការចូលរួមជួយឧបត្ថមគាំទ្រពីប្រទេសបារាំង ដោយតាមរយៈសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) បារាំងបានជួយរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង បានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីការិយាល័យប្រចាំតំបន់ នៃបណ្តាញ ទីក្រុងអាស៊ីអាគ្នេយ៍ មានមូលដ្ឋាន នៅសាលារាជធានីភ្នំពេញ ព្រមទាំងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីគម្រោងត្រៀមបង្ការសម្រាប់ស្ថានភាព បន្ទាន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី២ (EMR2) ជាមួយ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ នៅសាលារាជធានីភ្នំពេញ។


លោក ឃួង ស្រេង បានលើកឡើងថា «ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ គឺមិនអាចផ្តាច់បានពីការចូលរួមជួយឧបត្ថមគាំទ្រពីប្រទេសបារាំង តាមរយៈសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានឡើយ ដោយបារាំងបានជួយរាជធានីភ្នំពេញជាច្រើន។ រាជធានីភ្នំពេញ នឹងសិក្សាស្វែងយល់ បទពិសោធន៍ពីទីបណ្តាទីក្រុងផ្សេងទៀតលើពិភពលោក ដើម្បីយកមកអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
លោកស្រី អារីយ៉ាណា អាដេហ្ស៊ី បានលើកឡើងថា រាជធានីភ្នំពេញ បានសហការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) យ៉ាងសំបូរបែប។ នៅរយៈពេល២ខែទៀតទេ យើងនឹងបើកសម្ពោធ ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។ គម្រោងនេះជាគម្រោងធំមិនធ្លាប់មានពីមុន ហើយក៏មិនចេះតែធ្វើបាននោះដែរ តែសម្រាប់រាជធានីភ្នំពេញ យើងបានបង្កើតឲ្យមានគម្រោងនេះហើយ។
គួរបញ្ជាក់ថា ទស្សនកិច្ចការងាររបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) មានគោលបំណង២៖
*ទី១៖ សម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងសមាគមអន្តរជាតិក្រុងប្រើភាសាបារាំង ដែលរួមមាន៖ ស្ថានីយ៍ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ សមាគម AIMF រដ្ឋបាល រដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។
*ទី២៖ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ។
ចាប់ពីដើមឆ្នាំ២០២០មក គម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF កំពុងអនុវត្ត គឺសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានរៀបចំឲ្យមានការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន ដែលមានទីតាំងនៅអគារនៃរដ្ឋបាលរាជធានីភ្នំពេញ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការតាក់តែង ឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០២២-២០៣៥។
រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសក្នុងទំហំទឹកប្រាក់ចំនួន ១៤៣,៥០០.០០អឺរ៉ូ ក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាព អនុវត្តការងារមួយចំនួន ដូចជាការរៀបចំលំហសាធារណៈក្នុងទីក្រុង, ការកែលម្អអនាម័យ និងការគ្រប់គ្រងកែច្នៃសំណល់ភក់បង្គន់ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទល់នឹងគ្រោះទឹកជំនន់៕

អត្ថបទដែលជាប់ទាក់ទង