៤ឆ្នាំហើយ! តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានភ្ជាប់និស្ស័យស្នេហ៍ រហូតក្លាយជាប្តីប្រពន្ធជាមួយស្វាមី
ភ្នំពេញ ៖ នៅក្នុងខួបអាពាហ៍ពិពាហ៍នេះដែរ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបញ្ចេញរូបភាពថត Pre-Wedding របស់នាង និងស្វាមីជាថ្មីឡើងវិញ ដោយអមជាមួយនឹងសំណេរដ៏មានន័យទៅកាន់ស្វាមី រួចបង្ហោះនៅលើគណនីហ្វេសប៊ុកខ្លួនថា «៤ឆ្នាំកន្លងផុតហើយ ពេលវេលាពិតជាដើរលឿនមែន អូនចង់និយាយថា អគុណបងដែលស្ម័គ្រចិត្តចូលក្នុងជីវិតអូន អគុណដែលបងព្រមមកលំបាកជាមួយគ្នា មកធ្វើជាឪពុក ជាបងប្រុស ជាមិត្តល្អ ជាអ្នកប្រឹក្សាជាដៃគូជីវិត ជីវិតគូពិតជាមិនធម្មតា តែបងបានធ្វើគ្រប់យ៉ាងដើម្បីអូននិងកូនមានស្នាមញញឹមគ្រប់ពេល រីករាយខួប៤ឆ្នាំនៃអាពាហ៍ពិពាហ៍ប្ដីសម្លាញ់»។
ដោយឡែក សម្រាប់ស្វាមីរបស់អ្នកនាង គឺលោក អ៊ឹង សុខលី ក៏បានបញ្ចេញរូបភាពនៃពិធីមង្គលការរបស់ពួកគេជាថ្មីឡើងវិញដូចគ្នានៅលើបណ្តាញសង្គម ដោយអមជាមួយនឹងសំណេរខ្លីថា «ធ្មេចបើកៗ ៤ឆ្នាំបាត់ហើយ Happy 4th anniversary, 16-May-2019»។
តាមរយៈការបង្ហោះសារខាងលើពីអ្នកនាង ឱក សុគន្ធកញ្ញា នាពេលនេះ គេបានឃើញមានមិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈ ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងជាច្រើនបានចូលទៅខំមិនពីក្រោម ដោយម្នាក់ៗសម្តែងការអបអរសាទរ និងជូនពរតារាចម្រៀងរូបនេះកាន់តែមានសុភមង្គលក្នុងគ្រួសារ និងស្រឡាញ់គ្នារហូតចាស់កោងខ្នង។
គួរបញ្ជាក់ថា កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែផលិតកម្មហង្សមាស បានសម្រេចចូលរោងការកាលពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០១៩ ខណៈពេលដែលមង្គលការរបស់ពួកគេបានប្រព្រឹត្តយ៉ាងអធឹកអធម ដោយនៅក្នុងនោះក៏មានការផ្តល់កិត្តិយសចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតផង ជាពិសេសអ្នកសិល្បៈយ៉ាងច្រើនកុះករ។ ហើយរយៈពេល៤ឆ្នាំនៅក្នុងជីវិតជាប្តីប្រពន្ធរវាង ឱក សុគន្ធកញ្ញា និងស្វាមី រហូតមកទល់នាពេលនេះ ពួកគេក៏ទទួលបានចំណងដៃកូនប្រុសម្នាក់រួចហើយដែរ៕