រកឃើញមើមខ្ទឹមសរ មានផ្ទុកសំណល់ថ្នាំកសិកម្ម ដកហូតចំនួន៥គីឡូក្រាម ដើម្បីយកទៅបំផ្លាញចោល
(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ មន្ដ្រីនៃសាខា «ក.ប.ប» រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារដើមគរ ដោយបាននាំយករថយន្ត ពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យ និងស្រង់យកសំណាគំរូ ជាក់ស្តែង បានចំនួន៥៣ មានដូចជា បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក ផ្អក ម៊ាំ ជ្រក់ មើមខ្ទឹមសរ ខ្ទឹមក្រហម សរសៃគុយទាវ មីជាដើម យកមកវិភាគនៅក្នុងរថយន្តពិសោធន៍ ជាលទ្ធផល មាន១គំរូ ជាប្រភេទមើមខ្ទឹមសរ មានផ្ទុកសំណល់ថ្នាំកសិកម្ម ជាវិធានការមន្ត្រីបានធ្វើការដកហូតចំនួន៥គីឡូក្រាម ដើម្បីយកទៅបំផ្លាញចោល។
លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវមានឯកសារឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយកុំអោយមានការលាយបន្ថែម នូវសារធាតុគីមីឃាត់ណាមួយ ដែលមិនមានបទប្បញ្ញាតិ ទៅលើផលិតផល ម្ហូបអាហារ នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោកបានបន្តណែនាំដល់ ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំង ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។ លោក ហេង មាលី បានថ្លែងថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើង ទៅតាមកំណើនប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ន នូវម្ហូបអាហារ ដែលមិនមាន អនុលោមភាព សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
លោកក៏បានណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ ជៀសវាងបង្កផល ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត។
ប្រតិបត្តិការនេះ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕