តារាសម្តែងនាង មុន្នី មូនីតា បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ក្នុងពេលដែលនាងមានឱកាសគ្រងឈុតបែបបុរាណជាលើកដំបូង
ភ្នំពេញ ៖ តារាសម្តែងនាង មុន្នី មូនីតា ជាមួយនឹងក្តីរំភើបក្នុងការគ្រងឈុត នាងនាគ នេះ ស្រីស្អាត មុន្នី មូនីតា បានភ្ជាប់ជាមួយនឹងសំណេរបង្ហោះតាមហ្វេសប៊ុកថា បំណងដែលធ្លាប់ប៉ងប្រាថ្នាថា នឹងគ្រងឈុតបុរាណនៅថ្ងៃណាមួយ ថ្ងៃនេះនាងខ្ញុំបានសម្រេចហើយ!។ នាងបញ្ជាក់ថា «រាល់ដងអោយតែថានឹងទៅថត តែងតែមាននេះមាននោះបង្វែងមិនបានថតរហូត!។ បងប្អូនជឿទេថា ឈុតបុរាណទាំងនេះ លុះត្រាតែមាននិស្ស័យទើបបានគ្រង សម្រាប់ខ្ញុំពិតជាជឿ ព្រោះគ្រាន់តែប៉ងរាប់ឆ្នាំទៅហើយ ទើបតែគ្រងបានជោគជ័យ ស្រលាញ់ខ្លាំងណាស់វប្បធម៌របស់ខ្មែរ ទន់ភ្លន់ស្រស់ស្អាតថ្លៃថ្នូរ»។
បើតាមស្រីស្អាត មុន្នី មូនីតា ថា «នាងនាគ» ឬ «ព្រះនាងធារាវត្តី» ជាព្រះមហេសីរបស់ព្រះថោង ពីឆ្នាំ២៦៧ មុន គ.ស. បើតាមរាជពង្សាវតារខ្មែរ។ ព្រះនាង គឺជាបុត្រីស្ដេចភុជង្គនាគ ដែលកាលណោះពើបប្រទះជាមួយព្រះថោង នៅលើកោះគោកធ្លក។ ព្រះនាមពេញសម្រាប់រាជ្យ សម្ដេចព្រះវគវត្ដី ក្សត្រីគាប់លក្ខណ៍ ឯកអគ្គទេវី។
ជាការកត់សម្គាល់ បន្ទាប់ពីប្រកាសចូលសម្តែងជាថ្មីឡើងវិញ ក្រោយផ្អាកការងារសិល្បៈជិត១ឆ្នាំនោះ អតីត Miss Grand Cambidia ឆ្នាំ២០១៧ ស្រីស្អាត មុន្នី មូនីតា បានបង្ហាញខ្លួននៅក្នុងខ្សែភាពភាគចាក់បញ្ចាំងតាមទូរទស្សន៍ជាបន្តបន្ទាប់។ តារារូបនេះ ធ្លាប់លើកឡើងថា នាងនឹងបន្ដអាជីពចាស់មួយនេះតទៅទៀត ក្រោយពីបានរៀបចំដំណើរការមុខរបរក្រៅសិល្បៈមានដូចជា ផ្នែក Cosmetic និងរកស៊ីអចលនទ្រព្យ ៕