Honda ប្រកាសបិទក្លិប Soltilo Angkor FC ជាផ្លូវការហើយ

ខេត្តសៀមរា ៖ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានប្រកាសបិទក្លិប Soltilo Angkor FC ជាផ្លូវការហើយ ក្រោយដំណើរការរយៈពេល ៦រដូវកាលមកនេះ។
លោក Keisuke Honda បានបង្ហោះសារនៅលើ Facebook ផ្ទាល់ខ្លួនរបស់លោក យ៉ាងដូច្នេះថា ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។


លោកបន្តថា ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់ និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណ ចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។ ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថា ថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។
សូមសំណាងល្អកម្ពុជា! ៕

អត្ថបទដែលជាប់ទាក់ទង