ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា ថ្មីៗនេះ

ភ្នំពេញ : នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា : ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី “ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស” បានឱ្យដឹងថា ក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យនិងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុនខាងលើបានចុះបញ្ជីដោយជោគជ័យនៅក្នុងប្រព័ន្ធ”ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស”។ រហូតមកដល់បច្ចុប្បន្ននេះ ផលិតផលជលផលធម្មជាតិនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយគេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចបាននូវការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបន្តថា ,ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិនគឺ៖ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន១២ប្រភេទមានដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម។ (សម្រាប់ព័ត៌មានចុះបញ្ជីក្រុមហ៊ុនសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ https://ciferquery.singlewindow.cn/ )


ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើង , គួររំឭកដែលថា នាខែវិច្ឆិកាឆ្នាំ២០២២ ចិននិងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ និងអនាម័យផលិតផលជលផលធម្មជាតិក្នុងការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ។ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុននាំចេញដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីនៅក្នុងប្រព័ន្ធ”ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស”របស់រដ្ឋបាលគយនៃប្រទេសចិន។ ផលិតផលជលផលធម្មជាតិបានក្លាយជាផលិតផលប្រភេទទី២នៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង