ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៧-១៣ ខែមិថុនា, អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៧-១៣ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោមបរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។
២៖តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់៕