ប្រជាពលរដ្ឋជាច្រើននាក់ ៖ ពួកខ្លួនបានចាញ់បោក ឧកញ៉ា នួន អក សរុបទឹកប្រាក់ប្រមាណ ១,២៥៤,៥៩៩ ដុល្លារ ដែលមានទីតាំងដីឡូត៍ នៅគម្រោងកំពតឋានសួគ៌ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ
(កំពត)៖ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី អ៊ា សុខហេង តំណាងពលរដ្ឋ ដែលបានទិញដីឡូត៍ខាងលើ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានថា កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនលោកឧកញ៉ា នួន អក បានបង្កើតគម្រោងដីឡូត៍កំពតឋានសួគ៌ ស្ថិតនៅក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។
ប្រជាពលរដ្ឋប្រមាណ ៩៦នាក់ បានអះអាងថា ពួកខ្លួនបានចាញ់បោក ឧកញ៉ា នួន អក សរុបទឹកប្រាក់ប្រមាណ ១,២៥៤,៥៩៩ ដុល្លារ ដែលមានទីតាំងដីឡូត៍ នៅគម្រោងកំពតឋានសួគ៌ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ និងនៅគម្រោងកំពតហ្វរែស ក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត លើការទិញលក់ដីឡូត៍ ដែលមានលោកឧកញ៉ា នួន អក ជាម្ចាស់គម្រោង មិនព្រមចេញមុខមកទទួលខុសត្រូវ និងគោរពតាមកិច្ចសន្យា។
ពេលនោះដោយពួកគាត់ទាំងអស់គ្នាបានជឿជាក់លើការផ្សព្វផ្សាយ និងការឃោសនារបស់ក្រុមហ៊ុនឧកញ៉ា នួន អក ថានឹងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នោះ ក៏ដូចជាការឲ្យមានផ្លូវខ្វាត់ខ្វែង ពួកគាត់ក៏បានទិញដីឡូត៍ និងខ្លះទៀតបានដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុនឧកញ៉ា នួន អក ទៀតផង។
បន្ទាប់មកក្រុមហ៊ុន ឧកញ៉ា នួន អក ក៏បានបង្កើតគម្រោងកំពតហ្វរែស មួយផ្សេងទៀត ស្ថិតក្នុងភូមិមានរិទ្ធិ ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្តកំពត ហើយពួកគាត់ជាអតិថិជន ក៏បានចូលរួមជាមួយក្រុមហ៊ុន ហើយបានទិញដីឡូត៍ និងដាក់ថវិកាវិនិយោគជាមួយថែមទៀត។
លោកស្រី អ៊ា សុខហេង បានបញ្ជាក់ទៀតថា ចាប់តាំងពីក្រុមហ៊ុនឧកញ៉ា នួន អក បានបង្កើតគម្រោងនេះ រហូតមកដល់បច្ចុប្បន្ន ពួកគាត់ពុំឃើញមានការអភិវឌ្ឍអ្វីឡើយ ពួកគាត់ក៏បានធ្វើការស្នើសុំឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ ដូចជាចាក់ដី ធ្វើផ្លូវ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុន្តែក្រុមហ៊ុនបានគេចវេស មិនចេញមុខមកទទួលខុសត្រូវ និងគោរពតាមកិច្ចសន្យាឡើយ សូម្បីតែបុគ្គលិក និងការិយាល័យច្បាស់លាស់របស់ក្រុមហ៊ុន ក៏បានបិទជាបន្តបន្ទាប់ និងមិនអាចទំនាក់ទំនងបានដែរ។
ជាក់ស្ដែងអតិថិជនខ្លះបានរងគ្រោះ ដោយសារក្រុមហ៊ុន ឧកញ៉ា នួន អក ដូចជា៖
*ទី១៖ អតិថិជនខ្លះបានបង់ប្រាក់ហើយ ទទួលបានតែបង្កាន់ដៃមួយគត់ កិច្ចសន្យាក៏មិនបានធ្វើឲ្យ ដីក៏មិនដឹងនៅកន្លែងណា ក្រុមហ៊ុនចេះតែចង្អុលប្រាប់
*ទី២៖ តិថិជនខ្លះ បង់ប្រាក់ហើយ ទទួលបានបង្កាន់ដៃ ទទួលបានកិច្ចសន្យាទិញ-លក់ (មិនទាន់ទទួលបានប្លង់ដី) ហើយមិនដឹងដីនៅកន្លែងណា ក្រុមហ៊ុនចេះតែចង្អុលប្រាប់
*ទី៣៖ អតិថិជនខ្លះ បង់ប្រាក់ហើយទទួលបានបង្កាន់ដៃ ទទួលបានកិច្ចសន្យាទិញ-លក់ ទទួលបានប្លង់ដី តែមិនដឹងដីនៅកន្លែងណា ក្រុមហ៊ុនចេះតែចង្អុលប្រាប់
*ទី៤៖ អតិថិជនខ្លះ បង់ប្រាក់ហើយទទួលបានបង្កាន់ដៃ ទទួលបានកិច្ចសន្យាទិញ-លក់ ទទួលបានប្លង់ដី ដឹងទីតាំងដី តែគ្មានការអភិវឌ្ឍ
*ទី៥៖ អតិថិជនខ្លះដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុនខាតបង់ទាំងអស់
*ទី៦៖ អតិថិជនខ្លះដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុន បានតែប្រាក់ដើមមកវិញ មិនមានផលចំណេញ
*ទី៧៖ អតិថិជនខ្លះដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុន បានផលចំណេញ តែក្រុមហ៊ុនឧកញ៉ា នួន អក ចេញមូលប្បទានប័ត្រគ្មានទៅប្រាក់។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ក៏បានទុកឱកាសជាច្រើនលើកច្រើនសារអស់រយៈពេល ៣ទៅ ៥ឆ្នាំមកហើយ តែក្រុមហ៊ុនឧកញ៉ា នួន អក នៅតែបន្តព្យាយាមគេចវេស ភូតភរម្ដងហើយម្ដងទៀត គឺក្រុមហ៊ុនគ្មានទំនួលខុស ត្រូវអ្វីទាំងអស់ ជាពិសេសរំលោភលើសេចក្តីទុកចិត្ត បានធ្វើឲ្យក្រុមពួកគាត់ទាំងអស់គ្នា ជួបនៅវិបត្តិសេដ្ឋកិច្ច ខាតបង់ពេលវេលា បាត់បង់សុភមង្គលគ្រួសារ សេចក្តីសុខទាំងកាយទាំងចិត្ត។ល។
លោកស្រី អ៊ា សុខហេង ថា ពួកគាត់ជាអតិថិជនមិនចង់រំខានដល់ជួរថ្នាក់ដឹកនាំទេ ដោយលោកឧកញ៉ា នួន អក នេះបានយកលុយពួកគាត់ហើយមិនទទួលខុសត្រូវ ចំពោះការគោរពកិច្ចសន្យា ហើយព្យាយាមគេចវេសម្ដង ហើយម្ដងទៀត។
លោកស្រី អ៊ា សុខហេង បានបញ្ជាក់ថា ពួកគាត់បានដាក់លិខិតបណ្ដឹង ទៅរដ្ឋបាលខេត្តកំពតរួចហើយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គឺរយៈពេលជិត១០ថ្ងៃហើយ។ ពួកគាត់កំពុងរង់ចាំការកោះហៅរបស់រដ្ឋបាលខេត្តកំពត។
ជាចុងក្រោយពួកគាត់ មានតែលើកម្រាមដៃដប់ គោរពជូនដល់លោកអភិបាលខេត្តកំពត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងស្ថាប័នជំនាញពាក់ព័ន្ធ សូមជួយស្វែងរកជំនួយអន្តរាគមន៍ម្ដងហើយម្ដងទៀត ធ្វើយ៉ាងណាកោះហៅ ឱ្យលោកឧកញ៉ា នួន អក ជាម្ចាស់គម្រោងក្រុមហ៊ុន នួន អក ចេញមុខមកទទួលខុសត្រូវដោះស្រាយជាមួយពួកគាត់ជាអតិថិជនទាំងអស់ និងគោរពទៅតាមកិច្ចសន្យាក្រុមហ៊ុនរបស់គាត់ តាមនីតិនៃច្បាប់។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ ក្រុមអាជីវករផ្សារអាហាររ២៤ម៉ោង សមុទ្រខៀវ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក៏បានចោទប្រកាន់ និងចាញ់បោកលោកឧកញ៉ា នួន អក អស់ប្រាស់ខ្ទង់លានដុល្លារ លើការទិញតូបក្នុងផ្សារ ពោលឧកញ៉ា នួន អក បានយកលុយពួកគាត់មុនអស់ តែមិនមានតូបផ្សារសម្រាប់ពួកគាត់លក់ទេ ហើយទីតាំងដីនេះជាដីដែលជួលគេ ខណ:ម្ចាស់ដីនឹងរឹបអូសយកវិញនៅពេលឆាប់ៗខាងមុខនេះ។
ក្រុមអាជីវករបានឲ្យដឹងថា ការបើកគម្រោងដំបូង ត្រូវបង់ប្រាក់បង្រ្គប់ចំនួន៣ឆ្នាំ ចាប់ពី១,២ម៉ឺនដុល្លារ ឡើងដល់ជិត២ម៉ឺនដុល្លា សម្រាប់រយ:ពេលជួល៣ឆ្នាំ អាស្រ័យលើទីតាំងតូប។ តែពេលបង់ប្រាក់រួច មិនទាន់បានចូលលក់ដូរ ផងស្រាប់តែប្រកាសថាដីជួលគេ និងក្ស័យធន តើប្រាក់របស់ពួកគាត់នរណាជាអ្នកទទួលខុសត្រូវ ដូច្នេះសូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង៕