លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ដោយសូមចូលរួមអនុមោទនាត្រេកអរ ចំពោះការកកើតឡើង នូវសមិទ្ធផលថ្មីៗ
ភ្នំពេញ៖ នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធអគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលនានា នៅក្នុងវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។
បច្ចុប្បន្ន នៅទូទាំងប្រទេស យើងមានវត្តព្រះពុទ្ធសាសនា ប្រមាណជាង ៥ ពាន់វត្ត និងព្រះសង្ឃជាង ៧ ម៉ឺនអង្គ ព្រមទាំងសាសនាផ្សេងៗទៀតជាច្រើន ដែលអាចធ្វើសកម្មភាព និងមានការគោរពបដិបត្តិបានពេញលេញ ដោយបង្កើតបានជាសុខដុមនីយកម្មសាសនា ដែលជាមូលដ្ឋានមួយដ៏សំខាន់ ក្នុងការបង្កើតសន្តិភាព។
ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ដោយសូមចូលរួមអនុមោទនាត្រេកអរ ចំពោះការកកើតឡើង នូវសមិទ្ធផលថ្មីៗ រួមមាន អគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមនៃវត្តភ្នៀតសិម្ពលី ដែលមានអាយុកាលដ៏ចំណាស់ ប្រមាណ ៤៩១ ឆ្នាំ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ គោរពបូជា និងប្រើប្រាស់ តាមប្រពៃណី ជំនឿសាសនា ដើម្បីជាទីស្ងប់សុខផ្លូវចិត្ត។
សមិទ្ធផលដែលត្រូវបានកសាងលេចចេញជារូបរាងឡើងមកនេះ គឺកើតឡើងដោយសារកម្លាំងសទ្ធាជ្រះថ្លារបស់ ព្រះចៅអធិការ, ព្រះតេជព្រះគុណព្រះសង្ឃ, គណៈកម្មការ-អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួមគ្នាទាំងគំនិត ធនធាន និងកម្លាំង ដើម្បីជាប្រយោជន៍ សម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន និងឋិតថេរគង់វង្ស គ្រប់ ៥.០០០ ព្រះវស្សា តាមពុទ្ធប្បញ្ញត្តិ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា, ការលើកស្ទួយវិស័យសាសនាឡើងវិញ ត្រូវបានចាត់ទុកជា អាទិភាពមួយ ក្នុងចំណោមកិច្ចការជាច្រើន។ កិច្ចការនេះ មិនមែនងាយស្រួលនោះឡើយ ពីព្រោះពេលនោះ ដៃម្ខាងត្រូវទប់ស្កាត់ការវិលមកវិញ នៃរបបខ្មែរក្រហម ហើយដៃម្ខាងទៀត ត្រូវរៀបចំស្តារកសាងសង្គម-សេដ្ឋកិច្ចឡើងវិញ ហើយរហូតមកដល់ បច្ចុប្បន្ន យើងមានវត្តព្រះពុទ្ធសាសនា ប្រមាណជាង ៥ ពាន់វត្ត និងព្រះសង្ឃជាង ៧ ម៉ឺនអង្គ នៅទូទាំងប្រទេស ព្រមទាំងសាសនាផ្សេងៗទៀតជាច្រើន ក៏អាចធ្វើសកម្មភាព និងមានការគោរពបដិបត្តិ បានពេញលេញ ដោយបង្កើតបានជាសុខដុមនីយកម្មសាសនា ដែលជាមូលដ្ឋានមួយដ៏សំខាន់ផងដែរ ក្នុងការបង្កើតសន្តិភាព។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា មានកត្តាបរិស្ថានគ្របដណ្តប់សំខាន់ ៣ ដែលបង្កលក្ខណៈ ដល់ការកសាងសមិទ្ធផលទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិទាំងមូល គឺ៖ សន្តិភាព, សិទ្ធិសេរីភាព និងជីវភាព។ សន្តិភាព គឺជាគុណតម្លៃនៃការរស់នៅដោយស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត និងគ្មានអំពើហិង្សា ហើយសន្តិភាពនេះ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សិទ្ធិសេរីភាព គឺជាអំណាចក្នុងការសម្រេចចិត្ត និងការជ្រើសរើស ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការរៀនសូត្រ, ការប្រកបអាជីពការងារ ឬធុរកិច្ច, ជំនឿសាសនា និងការចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ រួមទាំងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិផងដែរ។ ចំពោះ ជីវភាព គឺសំដៅដល់សុខភាព, គុណភាពជីវិត និងសុខុមាលភាពសង្គម ក៏ដូចជាការលើកកម្ពស់កម្រិតចំណូលសេដ្ឋកិច្ចគ្រួសារ ឱ្យកាន់តែល្អប្រសើរ ហើយដែលធ្វើឱ្យសង្គមជាតិទាំងមូលកាន់តែពោរពេញ ដោយសេចក្តីសុខ និងភាពសុខដុមរមនា សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ៕