សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត
ភ្នំពេញ៖ នៅថ្ងៃទី២០ មិថុនា ឆ្នំា២០២៣នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៣ ) ដែលពិធីនេះរៀចំឡើង នៅក្រសួងការពារជាតិ ។
គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ គឺជាខួបគម្រប់ ៤៦ ឆ្នាំ នៃដំណើរតស៊ូឆ្ពោះ ទៅរកការរំដោះជាតិ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ ឆ្នាំ រួមនឹងយុទ្ធមិត្ត ដ៏ស្ម័គ្រស្មោះ ៤ រូបផ្សេងទៀត បានសម្រេចចិត្ត ក្នុងស្ថានភាពដ៏តានតឹងបំផុត លាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រី ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រ ក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រ ញាំបិសាច ដ៏សែនឃោរឃៅប៉ុលពត។
ផ្តើមចេញពីដំណើរតស៊ូ ជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះ ប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេស ឱ្យរីកចម្រើន ដូចពេលបច្ចុប្បន្ន។
ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រ ដ៏មានគុណតម្លៃ សម្រាប់ជាតិ និងប្រជាជន និងដើម្បីគាស់រំលើងឱ្យឃើញ នូវវីរភាពរបស់កុលបុត្រខ្មែរ ក្នុងការតស៊ូដើម្បីជាតិនិងប្រជាជន សម្រាប់កុលបុត្រខ្មែរ ជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលជាខួប ៤០ ឆ្នាំ នៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្ត ដែលនៅមានជីវិត បានធ្វើដំណើររួមគ្នា ទៅកាន់គ្រប់ចំណុច ក្នុងដំណាក់កាលតស៊ូនោះ។ ចាប់តាំងពី ឆ្នាំ២០១៧ នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះ ជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំ បន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតក ដល់មនុស្សជំនាន់ក្រោយ៕