អ្នកទាំងប្រាំនាក់ នៅលើនាវាមុជទឹកបានស្លាប់អស់ហើយ ដោយសារការផ្ទុះដ៏វិនាសកម្ម
អន្តរជាតិ ៖ មនុស្សទាំងប្រាំនាក់នៅលើនាវាមុជទឹកដែលបាត់ដាននៅជិតបំណែកកប៉ាល់ Titanic បានស្លាប់ភ្លាមៗបន្ទាប់ពីនាវារបស់ពួកគេបានទទួលរងនូវអ្វីដែលឆ្មាំសមុទ្រអាម៉េរិកនិយាយកាលពីថ្ងៃព្រហស្បតិ៍ថាជា “ការផ្ទុះដ៏មហន្តរាយ” នៅក្នុងទីដ៏ជ្រៅនៃមហាសមុទ្រ។
សេចក្តីប្រកាសដ៏ក្រៀមក្រំនេះបានបញ្ចប់ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះចម្រុះជាតិសាសន៍ដែលធ្វើឱ្យពិភពលោកចាប់អារម្មណ៍ចាប់តាំងពីនាវាទេសចរណ៍ដ៏តូចនេះបានបាត់ដាននៅមហាសមុទ្រអាត្លង់ទិកខាងជើងកាលពីបួនថ្ងៃមុននេះ។
ឧត្តមនាវីឯក លោក ចន មូហ្គើ (John Mauger) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបូស្តុន ថា ការវិភាគបានបង្ហាញកម្ទេចកម្ទីដែលបានរកឃើញនៅបាតសមុទ្រនៅឆ្ងាយពីខ្មោចកប៉ាល់ Titanic ប្រមាណ ៥០០ ម៉ែត្រ គឺស្របទៅនឹងការផ្ទុះនៃបន្ទប់សម្ពាធរបស់នាវាមុជទឹក។
លោកមូហ្គើបាននិយាយថា “តាងនាមឱ្យឆ្មាំសមុទ្រអាម៉េរិកនិងបញ្ជាការរួបរួមទាំងមូល ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំចំពោះក្រុមគ្រួសារទាំងនោះ”។
អ្នកនៅក្នុងនាវានោះរួមមានអ្នករុករកជនជាតិអង់គ្លេសលោក ហាមីស ហាឌីង (Hamish Harding) អ្នកជំនាញនាវាមុជទឹកបារាំង លោក ផូល-ហង់រី ណាហ្សូឡេត (Paul-Henri Nargeolet) មហាសេដ្ឋីប៉ាគីស្ថាន-អង់គ្លេស លោក សាហ្សាដា ដាវូដ (Shahzada Dawood) និងកូនប្រុសរបស់គាត់ឈ្មោះ ស៊ូឡេម៉ាន់ (Suleman) និងលោក ស្តុកតុន រ៉ាស់ (Stockton Rush) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OceanGate Expeditions ដែលជាម្ចាស់របស់នាវាមុជទឹកនេះតែម្តង។
ក្រុមហ៊ុន OceanGate បាននិយាយថា “យើងសូមរំលែកទុក្ខជាមួយអ្នកស្លាប់ទាំងប្រាំហើយសមាជិកគ្រប់រូបនៃគ្រួសាររបស់ពួកគេក្នុងអំឡុងពេលសោកនាដកម្មនេះ”។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បុរសទាំងនេះគឺជាអ្នករុករកពិតប្រាកដ ដែលបានចែករំលែកស្មារតីនៃការផ្សងព្រេងដាច់ដោយឡែកនិងចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅសម្រាប់ការរុករកនិងការពារមហាសមុទ្ររបស់ពិភពលោក”។
“យើងសោកស្ដាយចំពោះការបាត់បង់ជីវិតនិងក្ដីអំណរដែលពួកគេបាននាំមកដល់អ្នករាល់គ្នាដែលពួកគេបានដឹង”។
ឆ្មាំសមុទ្របានប្រកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា រ៉ូបូតក្រោមទឹកបានរកឃើញ “ដែនកម្ទេចកម្ទី” នៅក្នុងតំបន់រុករក៕