ដំណឹងល្អ! អ្នកលក់ទឹកអំពៅ អ្នករត់ម៉ូតូឌុប រត់ឡានតាក់ស៊ី ជាដើម អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស សំរាប់ថែទំាសុខភាព

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ«អត្ថប្រយោជន៍ ប.ស.ស សម្រាប់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន» លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកនៃបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា (ប.ស.ស.) បានលើកឡើងថា នៅពេលនេះក្រៅពីអនុវត្តលើមន្ត្រីរាជការ និងកម្មករនិយោជិត រួមទាំងបុគ្គលិកក្រុមហ៊ុនឯកជន ប.ស.ស ក៏បានដាក់ឲ្យអនុវត្តសាកល្បងនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ឬបុគ្គលប្រកបមុខរបររកចំណូលផ្ទាល់ខ្លួន ដូចជា អ្នកលក់ទឹកអំពៅ អ្នករត់ម៉ូតូឌុប រត់ឡានតាក់ស៊ី ជាដើម។ លោក សុក បូរ៉ា បញ្ជាក់ថា របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ គឺសមាជិកក្នុងម្នាក់ ត្រូវបង់ភាគទាន ១៥៦០០រៀល ក្នុង ១ខែ និងមានសិទ្ធិទទួលបាននូវការធានារ៉ាប់រងសុខភាព ជាមួយនឹង ប.ស.ស ដូចគ្នាទៅនឹងមន្ត្រីរាជការ កម្មករនិយោជិត និងបុគ្គលិកក្រុមហ៊ុនឯកជនដែរ។ ពោលគឺទៅពិនិត្យព្យាបាលជំងឺ ឬពេលគ្រោះថ្នាក់ផ្សេងៗ ក្រៅពីហានិភ័យការងារ និងការសម្រាកមាតុភាព ( សម្រាលកូន ) នៅមន្ទីរពេទ្យ ដែលជាដៃគូរបស់ប.ស.ស ដោយមិនគិតថ្លៃ។ លោក សុក បូរ៉ា បន្តថា ការសាកល្បងនេះ គឺជាការសិក្សាដើម្បីគិតគូរពីស្ថិរភាព និរន្តភាពសម្រាប់សមាជិក ទៅនឹងហិរញ្ញវត្ថុរបស់ ប.ស.ស. ហើយបុគ្គលស្វ័យនិយោជន៍ គ្រាន់តែភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ គឺអាចស្នើចុះបញ្ជីប្រើរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្តនេះបាន។ មកដល់ពេលនេះ

ប.ស.ស មានមន្ទីរពេទ្យរដ្ឋ ដែលជាដៃគូជាង១ពាន់មន្ទីរពេទ្យ និងមន្ទីរពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយប.ស.ស មានជាង៣០០មន្ទីរពេទ្យ នៅទូទាំងប្រទេស។ ក្រៅពីមន្ត្រីរាជការ និងកម្មករនិយោជិតធ្វើការតាមរោងចក្រសហគ្រាស ព្រមទាំងបុគ្គលិកនិយោជិត ធ្វើការនៅក្រុមហ៊ុនឯកជន ប.ស.ស ក៏បានអនុញ្ញាតឱ្យអ្នកបម្រើការងារតាមផ្ទះ អ្នកបើកបររថយន្ត ឬក៏អ្នកចាំចំការឱ្យគេ ជាដើម អាចទៅចុះបញ្ជីជាមួយប.ស.ស ដើម្បីទទួលបានរបបសន្តិសុខសង្គម ទាំង៣ប្រភេទ ដូចមន្ត្រីរាជការ កម្មករនិយោជិត និងបុគ្គលិកក្រុមហ៊ុនដែរ។ គឺធានារ៉ាប់រងសុខភាព គ្រោះថ្នាក់ការងារ និងប្រាក់សោធននិវត្ត ( ប្រាក់រ៉ឺត្រែត )។ លោក សុក បូរ៉ា បន្ថែមថា ករណីអ្នកធ្វើការតាមផ្ទះ តៃកុងឡាន ឬអ្នកចាំចំការឱ្យគេ ដើម្បីចុះឈ្មោះប្រើប្រាស់របបសន្តិសុខសង្គម ជាមួយប.ស.ស គឺម្ចាស់ផ្ទះ ឬថៅកែ ត្រូវនាំអ្នកទាំងនោះ ទៅកាន់ទីស្នាក់ការប.ស.ស ដោយភ្ជាប់ជាមួយនូវសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ។ រីឯសាម៉ីខ្លួន ជាអ្នកធ្វើការតាមផ្ទះ តៃកុងឡាន និងអ្នកចាំចំការឱ្យគេ ត្រូវភ្ជាប់ជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ នៅពេលឆាប់ៗខាងមុខនេះ ឬក៏អាចនៅក្រោយការបោះឆ្នោត តំណាងរាស្ត្រ នាខែកក្កដាខាងមុខ ប.ស.ស នឹងបើកឱ្យដំណើរការរបបសន្តិសុខសង្គម សម្រាប់ក្រុមគ្រួសារ សាច់ញាតិរបស់សមាជិកប.ស.ស។ ពោលគឺប្តីប្រពន្ធ កូន បងប្អូន កូនក្មួយ និងឪពុកម្តាយរបស់សមាជិកប.ស.ស ក៏អាចចុះឈ្មោះ ប្រើប្រាស់របបសន្តិសុខសង្គម ដែលអាចទទួលបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ រួមទាំងការធានារ៉ាប់រងគ្រោះថ្នាក់ផ្សេងៗ ផងដែរ ។ គួរបញ្ជាក់ផងដែរថា ការបង់ប្រាក់ លើ គ្រោះថ្នាក់ការងារ និងការពិនិត្យសុខភាព របស់កម្មករនិយោជិត ជាបុគ្គលិកក្រុមហ៊ុន គឺថៅកែជាអ្នកបង់ប្រាក់ឱ្យកម្មករនិយោជិត។ សម្រាប់របបសន្តិសុខសង្គម ផ្នែកប្រាក់សោធននិវត្ត ឬយើងហៅជាទូទៅថា ( ប្រាក់រ៉ឺត្រែត ) គឺ ៤% នៃប្រាក់ខែ ដោយប្រាក់ខែខ្ពស់បំផុត គិតត្រឹម ១លាន ២សែនរៀល។ ត្រង់នេះមានន័យថា ទោះជាបុគ្គលិក និយោជិត មានប្រាក់ខែលើសពី ១លាន ២សែនរៀល ក៏គេគិតត្រឹមពិដានខ្ពស់បំផុតត្រឹម ១លាន ២សែនរៀលដែរ។ សម្រាប់ប្រាក់សោធននិវត្ត ឬយើងហៅជាទូទៅថា ( ប្រាក់រ៉ឺត្រែត ) ដែលកាត់ ៤% នៃប្រាក់ខែនោះ គឺមិនមែនបុគ្គលិកចេញទាំងអស់នោះទេ មានន័យថា ក្នុងនោះ ២% ថៅកែក្រុមហ៊ុន ជាអ្នកបង់ និង ២%ទៀត គឺបុគ្គលិកនិយោជិតជាអ្នកបង់។ បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជន ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន ។ បុគ្គលស្វ័យនិយោជន៍ មានដូចជា អ្នកលក់ទឹកអំពៅ អ្នករត់ម៉ូតូឌុប រត់កង់៣ ឬអ្នកបើកឡានតាក់ស៊ីជាដើម៕

អត្ថបទដែលជាប់ទាក់ទង