លោក សូ ណារ៉ូ មកដល់កម្ពុជាហើយ បន្ទាប់ពីចាកចេញអស់ ១១ឆ្នាំ

(ភ្នំពេញ)៖ អតីតសកម្មជនក្រុមប្រឆាំង លោក សូ ណារ៉ូ បានធ្វើមាតុភូមិនិវត្តន៍ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ វេលាម៉ោង ១រសៀល ខណៈនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៣រសៀលស្អែកនេះ លោកនឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅវិមានសន្ដិភាព។
លោក សូ ណារ៉ូ បានមកដល់ស្រុកវិញក្រោយចាកចេញអស់រយៈពេល ១១ឆ្នាំ ហើយមុនពេលមកស្រុកវិញ លោកតែងតែបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល ពីនាយសមុទ្ទ។
តាមរយៈបណ្តាញសង្គម Facebook លោក សូ ណារ៉ូ ក៏ធ្លាប់បានបង្ហាញការនឹករលឹកដល់មាតុភូមិ ដោយលើកឡើងដូច្នេះថា «នឹកស្រុកខ្មែរណាស់បែក ១១ឆ្នាំកន្លងមកហើយ។ ពេលនេះសុបិន្តជិតក្លាយជាការពិតហើយ។ ជួបគ្នានៅភ្នំពេញប្រិយមិត្តជិតឆ្ងាយ។ អរគុណសន្តិភាព»។
សូមជម្រាបថា លោក សូ ណារ៉ូ ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។


បន្ទាប់ពីមានការតែងតាំងនេះ លោក សូ ណារ៉ូ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបង្ហាញសមិទ្ធផល និងស្នាដៃធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ដែលនាំមកនូវភាពរុងរឿងសម្រាប់ជាតិ និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ ស្នាដៃដ៏អស្ចារ្យទៀតនោះ ការរៀបចំព្រឹត្តិការណ៍កម្រិតតំបន់ និងអន្តរជាតិ ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម នាំឱ្យកិត្តិស័ព្ទជាតិល្បីខ្ទរខ្ទារជាមោទនភាពសម្រាប់ជាតិ និងប្រជាជន។
ក្នុងសេចក្តីថ្លែងការណ៍នេះ លោក សូ ណារ៉ូ បានឆ្លៀតវាយប្រហារលើភាពកម្សោយនៃការដឹកនាំ និងការធ្វើនយោបាយរបស់បក្សប្រឆាំង ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី ផងដែរ។
មួយរយៈចុងក្រោយនេះ សកម្មជនសំខាន់ៗជាច្រើនរបស់ក្រុមប្រឆាំង បានប្រកាសផ្តាច់ខ្លួន ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង