ឃាត់ខ្លួនជនសង្ស័យ៤នាក់ លួចមានស្ថានទម្ងន់ទោស កាលពី២០ថ្ងៃមុន នៅស្រុកមុខកំពូល
ខេតកណ្ដាល៖ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដែលករណីលួចមានស្ថានទម្ងន់ទោសនេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២៤និង៣០នាទីចំណុចផ្លូវជាតិលេខ៦ ស្ថិតនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន០៣នាក់ ១.ឈ្មោះ មឿន សុភាព ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅសព្វថ្ងៃភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល រងរបួស កដៃទាំងសងខាង និងស្មាខាងស្ដាំ (របួសធ្ងន់)។ ២.ឈ្មោះ រឿង សុភ័ក្រ្ត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅសព្វថ្ងៃភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល រងរបួស ស្មាខាងឆ្វេង ចំនួន០១កន្លែង (របួសស្រាល)។ ៣.ឈ្មោះ យ៉ុង សុវណ្ណារិទ្ធ ហៅ មូស ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងពិដាន មានទីលំនៅសព្វថ្ងៃភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ចំណែកជនសង្ស័យសរុបចំនួន០៩នាក់ ឃាត់ខ្លួន ០៤នាក់ ១.ឈ្មោះ ពុន សុវណ្ណារ៉ា ហៅចិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិ ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ២.ឈ្មោះ រឺន រីណា ហៅពែក ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ ព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣.ឈ្មោះ ឃួន ហួច ហៅ ជុំ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិ ថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ៤.ឈ្មោះ សុង ណារ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិ កណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន) រីឯជនសង្ស័យ៥នាក់ទៀតគេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា កាលនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី ជនសង្ស័យដែលមានឈ្មោះ ខាងលើ បានមកជួបជុំគ្នានៅមាត់ទន្លេមុខវត្តព្រែកអញ្ចាញ ហើយបានបបួលគ្នាទៅលេង នៅកោះពេជ្រដោយមានគ្នាចំនួន០៩នាក់ ម៉ូតូ០៦គ្រឿង។ លុះដល់វេលាម៉ោង ២២និង០០នាទី ជនសង្ស័យក៏នាំគ្នាចេញពីកោះពេជ្រ មកលេងនៅសួនច្បារមាត់ទន្លេ អូតែលសុខាបន្តទៀត បានប្រហែលកន្លះម៉ោងក្រោយជនសង្ស័យក៏បាននាំគ្នាមក ជួបជុំនៅមាត់ទន្លេមុខវត្តព្រែកអញ្ចាញវិញ ដល់វេលាម៉ោង២៣និង០០នាទី ក្រុមជនសង្ស័យក៏បានបបួលគ្នា ជិះលេងតាមផ្លូវជាតិលេខ៦ គោលបំណងរកក្រុមក្មេងភូមិឈើទាល ដើម្បីសងសឹក ដោយមានដាក់កាំបិតខ្វែវចំនួន០៣ដើម ពេលក្រុមជនសង្ស័យជិះដល់ចំណុចមុខសាលាអនុវិទ្យាល័យឬស្សីជ្រោយ ក៏ឃើញម៉ូតូជនរងគ្រោះ ០១គ្រឿង ម៉ាកនិច ពណ៌ខៀវ ជិះគ្នា ០៣នាក់ ពីត្បូងទៅជើងស្របទិសគ្នា ពេលនោះជនរងគ្រោះឃើញម៉ូតូច្រើន ដោយមានការសង្ស័យក៏ជិះបន្ថែមល្បឿន គេចពីក្រុមជនសង្ស័យ ភ្លាមនោះក្រុមជនសង្ស័យក៏ជិះម៉ូតូដេញតាម ពីក្រោយដល់ចំណុចស្ពានលេខ១៤ ជនសង្ស័យ ក៏បានយកកាំបិតក្វែវ កាប់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះក៏ដួលម៉ូតូ និងរត់គេចពីជនសង្ស័យ ចំណែកជនរងគ្រោះឈ្មោះ មឿន សុភាព បានរត់មកលើកម៉ូតូរបស់ខ្លួន ក៏ត្រូវបានជនសង្ស័យ យកកាំបិតខ្វែវ កាប់ជាច្រើនកាំបិត ត្រូវមួកសុវត្ថិភាព នឹងត្រូវកដៃខាងស្ដាំ បណ្ដាលឱ្យមានរបួសធ្ងន់ ហើយជនសង្ស័យ បានចូលទៅលើកម៉ូតូជនរងគ្រោះ ជិះគេចឆ្លងផ្លូវត្រឡប់មកទិសខាងត្បូងវិញបំបែកគ្នាគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកដំបង។
ស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យរហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញស្រុកនិងកម្លាំងការិយាល័យកម្រិតធ្ងន់ខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ១.ឈ្មោះ ពុន សុវណ្ណារ៉ា ហៅចិន ២.ឈ្មោះ រឺន រីណា ៣.ឈ្មោះ ឃួន ហួច ៤.ឈ្មោះ សុង សំណាង យកមកធ្វើការសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕