នៅថ្ងៃទី០១ ខែកក្កដា បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានា

ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានា គឺមានការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនា រកសម្លេងឆ្នោត ក្នុងរាជធានីភ្នំពេញ ចំនួន ៤ គណបក្ស ក្នុងចំណោមគណបក្សទាំង ១៨ ដែលចូលរួមការបោះឆ្នោត។

គណបក្ស ៤ ដែលនឹងមានសកម្មភាពឃោសនាបោះឆ្នោត នាថ្ងៃសៅរ៍ ទី១ ខែកក្កដា ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ រួមមាន៖
១- គណបក្សប្រជាជនកម្ពុជា នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងដង្ហែក្បួនឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៧៦.៥០០នាក់។ ក្នុងនោះ ចូលរួមក្នុងពិធីមីទ្ទិញ ចំនួន ៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់។


២-គណបក្សខ្មែររួបរួមជាតិ នឹងជួបជុំសមាជិកសមាជិកា នៅម៉ោង ៧ព្រឹក ដោយមានអ្នកចូលរួមប្រមាណ ១០០០នាក់ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ មុនហែក្បួនតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះមកស្ពានជ្រោយចង្វារ និងតាមផ្លូវជាច្រើនទៀត នៅភ្នំពេញ។
៣-គណបក្សខ្មែរឈប់ក្រ នឹងជួបជុំសមាជិកសមាជិកា នៅម៉ោង ៨ព្រឹក នៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយហែក្បួនចេញពីទីស្នាក់ការ ឆ្ពោះមកផ្សារឈូកមាស និងតាមផ្លូវនានា បន្តរហូតដល់មហាវិថីឈ្នះឈ្នះ។
៤-គណបក្សខ្មែរតែមួយ នឹងជួបជុំសមាជិកសមាជិកា នៅផ្ទះលោកស្រី ម៉ាន់ ស្រីនឿន ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានអ្នកចូលរួម ១២៥នាក់ ដើម្បីធ្វើការឃោសនារកសំឡេងឆ្នោត ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១ព្រឹក ដោយពុំមានការដង្ហែក្បួនឃោសនាគណបក្សឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរ និងបង្ហាញផ្លូវវាង សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ នៅថ្ងៃសៅរ៍ ទី១ ខែកក្កដានេះ ក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត ៕

អត្ថបទដែលជាប់ទាក់ទង