បណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា

(ភ្នំពេញ)៖ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧, លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោកបណ្ឌិតក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨ នៃសន្លឹកឆ្នោត ហើយថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។


តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះសារទាំងស្រុងដូច្នេះថា «សូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោត ដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ កក្កដា ២០២៣ ឱ្យបានគ្រប់គ្នា ជាពិសេស ធ្វើការគូសគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត ឱ្យបានត្រឹមត្រូវនៅលើសន្លឹកឆ្នោត តាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល នៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន។
ជាមួយគ្នានេះ សូមបងប្អូនពូមីងតាយាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨ នៃសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង