គ.ជ.ប៖ មានគណបក្សនយោបាយចំនួន៤ ហែក្បួន និងឃោសនាបោះឆ្នោត ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ មានគណបក្សនយោបាយចំនួន៤ បានបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ។
គណបក្សនយោបាយចំនួន៤នោះ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរតែមួយ។


គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង ៧ម៉ឺននាក់។ ចំណែកឯគណបក្សចំនួន៣ មានសមាជិកចូលរួមឃោសនា ចន្លោះពី១២៥ ទៅ ១ពាន់នាក់។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណិតទី៧ នឹងមានរយៈពេល២១ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនៅទូទាំងប្រទេសនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ មានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង៕

អត្ថបទដែលជាប់ទាក់ទង