ល្បិចមែន! ប្រើនាវាមុជទឹកមួយគ្រឿង ដើម្បីរត់ពន្ធគ្រឿងញៀន ដែលគេជឿជាក់ថា ជាគ្រឿងញៀនកូកាអ៊ីនទម្ងន់ជាងបីតោនកន្លះ

អន្តរជាតិ ៖ មនុស្សយ៉ាងតិច៥នាក់ដែលមានសញ្ជាតិខុសៗគ្នា និងដែលធ្វើដំណើរនៅក្នុងនាវាមុជទឹកនោះ ត្រូវបានចាប់ខ្លួន និងនាំខ្លួនទៅឃុំនៅក្នុងពន្ធនាគារ១កន្លែងនៃទីក្រុងមាត់សមុទ្ទឡាប៉ាស់ (La Paz)។ នៅទីនោះ, ទាហានជើងទឹកបានផ្ទេរជនសង្ស័យទៅឱ្យស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី។ គួរកត់សម្គាល់ថាពួកឈ្មួញតែងតែប្រើប្រាស់គ្រប់មធ្យោបាយដើម្បីដឹកជញ្ជូនទំនិញគ្រឿងញៀនរបស់ខ្លួន។

កងទ័ពជើងទឹកម៉ិកស៊ីកូទើបតែរឹបអូសបាននាវាមុជទឹកមួយគ្រឿងដែលត្រូវពួកឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ដឹកនូវទំនិញដែលគេជឿជាក់ថាជាគ្រឿងញៀនកូកាអ៊ីនទម្ងន់ជាងបីតោនកន្លះ។ នាវាមុជទឹកនេះមានប្រវែង២៦ម៉ែត្រ និងជានាវាដែលធំជាងគេបំផុតដែលភ្នាក់ងារសន្តិសុខជាតិរបស់ម៉ិកស៊ីកូរឹបអូសបាននៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន។


ពួកគេប្រើប្រាស់នាវាមុជទឹក ដើម្បីដឹកជញ្ជូនគ្រឿងញៀនចាប់តាំងពីអំឡុងទសវត្សទី៨០រហូតមកដល់ពេលបច្ចុប្បន្ន។ នាវានេះដំណើរការដោយម៉ាស៊ីន២គ្រឿង អាចបើកបរបានរយៈពេលម្ភៃថ្ងៃ។ ពួកឈ្មួញប្រើប្រាស់នាវានេះដើម្បីងាយស្រួលនៅពេលបើកបរទៅដល់ទីតាំងដែលមានសមត្ថកិច្ចឆែកឆេរ , ពួកគេមុជនាវាចុះទៅក្នុងទឹក។ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ, ទាហានជើងទឹកម៉ិកស៊ីកូរឹបអូសគ្រឿងញៀនកូកាអ៊ីនសរុបជាង២១តោន និងចាប់ខ្លួនជនសង្ស័យ១២១នាក់។
ចំពោះនាវាមុជទឹកនេះ, សមត្ថកិច្ចប្រើប្រាស់យន្តហោះ, នាវា, ឧទ្ធម្ភាគចក្រ និងឧបករណ៍ចល័តដើម្បីតាមចាប់មុខសញ្ញា។ នៅពេលឃាត់នាវានេះភ្លាម, សមត្ថកិច្ចរកឃើញកញ្ចប់គ្រឿងញៀនកូកាអ៊ីនប្រមាណ១៨៦កញ្ចប់ធំៗ។ កងទ័ពជើងទឹកម៉ិកស៊ីកូអះអាងថាប្រតិបត្តិការបង្ក្រាបគ្រឿងញៀនលើកនេះអាចធ្វើឡើងដោយជោគជ័យដោយសារការហ្វឹកហាត់ជំនាញជើងទឹករបស់បុគ្គលិកជំនាញរបស់យើងដែលអាចចាប់សញ្ញា និងតាមដានប្រកបដោយប្រសិទ្ធភាពខ្ពស់។
ពួកគេប្រឈមនឹងឧបសគ្គខ្លះៗដោយសារអាកាសធាតុអាក្រក់ មានខ្យល់បក់ខ្លាំង និងមានរលកសមុទ្ទធំៗ។ ការចុះបង្ក្រាបលើកនេះធ្វើឡើងនៅលើទីតាំង១ស្ថិតនៅចម្ងាយ៥៦០ម៉ាយ ឬ៩០១គីឡូម៉ែត្រពីទីក្រុងឡាប៉ាស់។ សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំង៥នាក់នោះហើយ។ នៅក្នុងចំណោមពួកគេទាំងនោះ, បីនាក់ជាជនជាតិអេក្វាឌ័រ, ម្នាក់ជាជនជាតិម៉ិកស៊ីកូ និងម្នាក់ទៀតជាជនជាតិកូឡុំប៊ី។ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនពួកគេទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង